at Facebook
សម្រែកវប្បធម៌
_កាលពីព្រេងព្រឹទ្ធ គិតតាមប្រវត្តិ
ដាប់ចារចែងញាត់ លើផ្ទាំងសិលា
ក្បូរក្បច់អក្សរ កិន្ឋរអក្សរា
ចាំងឆ្លុះចេស្តា អានុាពក្សត្រ។
_ប្រឡាយខ្វាត់ខ្វែង កំផែងតូចធំ
ជ្រលងព្រៃភ្នំ ហ៊ុមដោយបពិត
ប្រាសាទបុរី ដែនដីស្ងៀមស្ងាត់
ទីក្រុងសង្កាត់ ទីបុរាណដ្ឋាន។
_វប្បធម៌រុងរឿង ស្រុកយើងសប្បាយ
សង្គមពណ្ណរាយ ប្រជាសាន្តត្រាណ
ក្រោមបារមីស្តេច ជ័យវរ្ម័ន
ទីប្រាំពីរបាន ប្រោសប្រាណវប្បធម៌។
_វប្បធម៌ស្គុសស្គាយ ភាយសព្វទិសា
ដែនដីជលសា សុវណ្ណបវរ
ចាំងជះដោយពេជ្រ រំលេចលម្អ
ទឹកដីអង្គរ គំនរមាសប្រាក់។
_វប្បធម៌បុរាណ លោកបានតំណាល
ប្រែប្រួលតាមកាល កើតក្រឡាប់ចាក់
សង្រ្គាមវឹកវរ ផ្លាស់ប្តូរគ្មានស្រាក
ផលផ្តល់លំបាក តោកយ៉ាកខេមរា។
_គិតមកបច្ចុប្បន្ន អាសន្នដល់ខ្លួន
កូនខ្មែរលួចពួន គ្មានក្បួនសាស្រ្តា
យកត្រាក់តាមគេ គ្នាន់គ្នេរហុឺហា
ចាយលុយស្រីស្រា ភ្លេចវប្បធម៌ឯង។
_ផាមួងចងក្បិន បង្ខិតចូលទូ
អាវប៉ាក់ទួញថ្ងូរ ស្រែកយំក្តែងៗ
សំពត់ព្រែហូល ស្រែកបូលសម្តែង
ឥឡូវជាក់ស្តែង គេលែងត្រូវការ។
_សំពត់ខូវប៊យ ឆែកឡូយគល់ភ្លេៅ
គយគន់មើលទេៅ គួរឲ្យអនិច្ចា
អាវខ្លីចេញផ្ចិត ខិតដល់បព្វតា
ប្រហោងថ្មដា យាត្រាទាំងគូ។
_គួរឲ្យខ្លោចចិត្ត អាណិតអ្វីម៉្លេះ
តឹងទ្រូងស្ទើរប្រេះ ខ្មែរគួរអាសូរ
វប្បធម៌ជាតិយើង ថ្កុំថ្កើនជាយូរ
បែរភ្លេចគំរូ យូរទេៅភ្លេចគិត។
_សម្រែកវប្បធម៌ អង្វរកូនខ្មែរ
ជួយប្រឹងខំថែ កេរខ្មែរប្រសិទ្ធ
សាច់ឈាមជាតិខ្មែរ គួរតែអាណិត
វប្បធម៌ខ្មែរពិត កុំគិតបន្លំ។
_វប្បធម៌ទួញយំ សម្ងំក្នុងព្រៃ
ខ្មែរមិនអាល័យ ព្រៃផ្សៃបង្ខំ
វប្បធម៌ទឹកភ្នែក ប្រឹងស្រែរងំ
ខ្មែរអើយជ្រោងជ្រំ ឲ្យខ្ញុំរស់ផង...៕
====================
កាព្យឆ្លើយតបដោយៈ ប៊ី ប៊យ
No comments:
Post a Comment