សូមស្វាគមន៍ និងសូមអរគុណ ដោយបានអញ្ជើញចូលលេងនៅទំព័រ Blog របស់ខ្ញុំ ។ សូមបានសុខសប្បាយ!
កំពប់តែអុង - Courtesy of Prey Norkor News   អ្នកតស៊ូខ្មែរច្រើនទៀត
COMMENTS – SUGGESTION? លោក-អ្នកអាចបញ្ចេញមតិឬយោបល់តាមរយៈ (Comment) ផ្ទាល់ក្រោមអត្ថបទនីមួយៗ ឬលោក-អ្នកអាចសរសេរផ្ទាល់មកខ្ញុំក៏បាន
Email B Boy  សូមអរគុណ!   ថាវរីមាសបង  THIS BLOG IS BEST VIEWED WITH GOOGLE CHROME!

Thursday, March 31, 2011

ស្រឡាញ់ស្រីខ្លីវិជ្ជា


ស្រឡាញ់ស្រីខ្លីវិជ្ជា


ឧទ្ទេសកម្មៈ
ច្បាប់ទម្លាប់ទាំងឡាយរមែងបង្កើតឡើងក្រោយពេល “អំពើ” ដែលបានកើតរួចមកហើយ ពោលគឺ លទ្ធផលនៃ
អំពើនោះ ដែលជាបុព្វហេតុញ៉ាំងឲ្យមានការហាមប្រាមនានា រហូតដល់មានពិន័យទណ្ឌកម្មផ្សេងៗជាដើម។

បើទោះជាដឹងថានឹងត្រូវរងទោសទណ្ឌដូច្នោះក្ដី ជនមួយចំនួននៅតែភ្លាត់ បណ្ដាលឲ្យខ្លួនរងទទួលនូវទោស
ទណ្ឌនោះជៀសវាងពុំបាន ។ ការបណ្ដុះផ្សាំនូវសុភាសិតនេះ ក៏ពុំមានដំណើរខុសប្លែកពីការបង្កើតច្បាប់នានា
នៅក្នុងសង្គមឡើយ -- ការណែនាំពីហេតុ និងចង្អុលបង្ហាញនូវផលដែលអាចកើតឡើង យោលទៅតាមទិន្នផល
ដែលកើតមានឡើងរួចមកហើយ!

“សុភាសិត” ជាពាក្យក្លាយមកពីភាសាបាលី មានន័យថា “ដំបូន្មានល្អ”​គ្រប់សុភាសិតទាំងអស់នៃសង្គម
 ឥតមានគោលបំណងអាក្រក់ឡើយ។

បទវិភាគៈ
Definition: (Proverb)= a well-known saying that gives good advice  or expresses a supposed truth.

“ស្រឡាញ់ស្រីខ្លីវិជ្ជា​” គឺជាដំបូន្មានត្រង់ៗសម្រាប់បុរស ។ តើព្រោះហេតុអ្វី?

បើយើងចោលភ្នែកជុំវិញសង្គមខ្មែរយើងក្ដី សង្គមពិភពលោកក្ដី ទាំងបច្ចុប្បន្ននិងអតីតកាល..តើយើងឃើញស្ត្រី
មានប៉ុន្មានភាគរយដែរ ដែលទទួលតំណែងជាអ្នកនាំមុខ ឬជាអ្នកដឹកនាំ ទាំងក្នុសង្គមគ្រួសារនិងប្រទេសជាតិ?
តិចតួចណាស់មែនទេ? ដូច្នេះតើយើងអាចសន្និដ្ឋានបានថា “សុភាសិត” នេះជាទស្សនៈសង្គមក្នុងគ្រាមួយ
សម័យមួយ បានឬទេ? មតិភ្ទាល់របស់ខ្ញុំគឺៈ ពឹតជាអាច... ។ ក្នុងតួនាទីរបស់ខ្លួនជាអ្នកនាំមុខ ឬដឹកនាំ តើត្រូវមាន
គុណសម្បត្តិអ្វីខ្លះ? ឆ្លើយឲ្យចំគឺ ពុំមែនគ្រាន់តែកើតមកជាប្រុសនោះ​ នឹងមានគុណសម្បត្តិគ្រប់គ្រាន់ឡើយ...។ វិជ្ជា គឹជាចម្លើយសម្រាប់មនុស្សប្រុស! សុភាសិតនេះចង្អុលប្រាប់ផ្លូវឲ្យកូនប្រុសស្វះស្វែងរកវិជ្ជា... និងបង្ហើបប្រាប់ពី
ផលវិបាកផ្សេងៗក្នុងដំណើររៀនសូត្រផងដែរ! “សេចក្ដីស្នេហា” ក៏គឺជាកត្តាមួយត្រូវជៀសវាងក្នុងពេលកំពុងសិក្សា
...តើហេតុអី?

សេចក្ដីស្រឡាញ់ ឬស្នេហារវាងបុរសនិងស្ត្រី ពឹតជាមិនរើសពេលវេលាទេ... ហើយសុភាសិតនេះក៏ពុំបានហាមឃាត់
ដាច់ខាតនោះដែរ  តែឲ្យចេះថ្លឹងថ្លែងប៉ុណ្ណោះ ។ តើការសិក្សា ឬការទទួលនូវមនោរម្មណ៍ក្រោមឥទ្ធិពលស្នេហា..?
 ព្រោះធាតុទាំងពីរពុំសូវធ្វើដំណើរស្របគ្នា ហើយទទួលនូវទិន្នផលល្អដូចគ្នាទាំងពីរឡើយ!


បដិគារវកិច្ចៈ
ខ្ញុំបានអានអត្ថបទរបស់ប្រីយ៍មិត្តទាំងអស់ដែលបាន​ Posted ដោយរីករាយ ។ សូមអរគុណ!

ខ្ញុំក៏សូមឆ្លៀតឱកាសនេះដែរ ឆ្លើយតបជូនចម្ពោះមតិខ្លះៗរបស់ប្រីយមិត្តដែលបានលើកឡើងថា៖ “
១) ស្នេហាជាថាមពល ជម្រុញមោទនភាពឲ្យសិក្ខាកាមជនទាំងឡាយរឹតតែមានសន្ទុះតស៊ូ...
២) នៅបស្ចឹមប្រទេស ... ពួកគេមានសង្សារពីរបីជាហូរហែ តែគេនៅតែអាចបញ្ចប់ការសិក្សាបាន..។

“ស្រឡាញ់ស្រីខ្លីវិជ្ជា​”

“សេចក្ដីស្រឡាញ់ ឬស្នេហា” រមែងមានឫសកែវរបស់វាគឺ “កម្មសិទ្ធិ” រីឯមែកធាងរបស់វាឃើញជា
អាទិ៍ដូចជា៖ គ្រប់គ្រងរក្សា មានភាពប្រច័ណ្ឌ..នានា ។ល។ ចំណែកផលផ្លែផ្ការបស់វា
ក៏យើងឃើញនិងទទួលនូវមនោរម្មណ៍ផងដែរ ដូចជាចិត្តិន្ទ្រីយារម្មណ៍ ​អារម្មណ៍ទទួលខាងផ្លូវចិត្ត ជាដើម។
តើសេចក្ដីស្នេហាថិតថេរឬទេ? តើយើងអាចចាត់ទុកថា សេចក្ដីស្នេហាជាបន្ទុកផ្លូវចិត្តបានឬទេ?
ខ្ញុំសូមទុកឲ្យប្រីយ៍មិត្តធ្វើការពិចារណាចុះ នៅលើសំណួរនេះ!

ការសិក្សា... ហេតុអីបានជាសុភាសិតនេះចុចដៅតែទៅលើបុរសឲ្យជាអ្នកសង្វាតឱហាតចម្ពោះចំណេះវិជ្ជា?
ដំណើរសង្គមក្នុងយុគមួយ សម័យមួយ...តម្រូវដូច្នោះ! បុរសមានវិជ្ជាជាសម្បត្តិ  រីឯស្ត្រីវិញមានសម្ផស្ស
និងចរិយាល្អជាធនធាន!

ឆន្ទៈរបស់សុភាសិតៈ វិជ្ជាជាគោល ជាពិសេសចម្ពោះបុរស!

ស្នហាអាចជាឧបស័គ្គសម្រាប់ការសិក្សារបស់អ្នក​ ។ ការដាំបណ្ដុះចំណេះវិជ្ជាក្នុងអារម្មណ៍របស់អ្នក
មានភាពលំបាករួចស្រេចហើយ.... ត្រូវមានវិរយភាពទើបបានសម្រេច! រីឯសេចក្ដីស្នេហាក៏គឺជាបន្ទុក
សម្រាប់អារម្មណ៍របស់អ្នកដែរ! សេចក្ដីស្នេហាមិនថិតថេរទេ... នៅពេលសេចក្ដីស្នេហាមានការវិបល្លាស
អារម្មណ៍ជាសុខទាំងឡាយដែលអ្នកធ្លាប់បានទទួល និងត្រូវបានជំនួសដោយសេចក្ដីទុក្ខ ញាំញីបំបែកនូវ
ការព្យាយាមរបស់អ្នកចម្ពោះការសិក្សាពុំលែងឡើយ! នេះក៏មានភាសិតមួយទៀតស្ដីថា៖ “ស្រ្តីជាសត្រូវ
ចម្ពោះការសិក្សា” ឬក៏ “បុរសជាសត្រូវចម្ពោះការសិក្សា” ផងដែរ!

ប៊ី ប៊យ


ទំពក់វាទៅ មិនប្រាកដថាព្នៅវាជ្រុះឡើយ - ដោយ កុលាប

Wednesday, March 30, 2011

រង្ស៊ី ឬ វៀត..

អ្នកមាន និង អ្នកក្រ - ដោយៈ កុលាប


វន្ទាន បដិវន្ទានំ =ការសំពះទៅ រមែងបានទទួលនូវការសំពះតប

វន្ទាន បដិវន្ទានំ =ការសំពះទៅ រមែងបានទទួលនូវការសំពះតប
សុភាសិតបាលី

បទព្រហ្មគីត

ហៃកូនស្ងួនប្រុសស្រី                                    ផ្ចង់ស្មារតីពាក្យឪផ្ដាំ
ភាសិតខ្មែរណែនាំ                                        ចូរកូនចាំដូច្នេះថា៖

វន្ទា ដៃសំពះ                                              ដល់ចាស់ៗព្រឹទ្ធាចារ្យ
បន្ទន់ឱនកាយា                                          ព្រមវាចា ជម្រាបសួរ!

កាលឃើញកាយវិកា                                    ភាពរាបសារកូនសមគួរ
ពុំលែងគាត់តបសួរ                                      ថ្លែងការគួរវិញប្រាកដ!

ភាសិតមួយក៏ស្ដី                                         ថោកអ្វីដៃ ថ្លៃអ្វីមាត់
ជាកិច្ចអនុវត្តិ                                              ងាយបំផុត តែគុណល្អ

សំពះមិនធ្ងន់អ្វី                                           ឯសម្ដីក៏មិនក្រ
ឥរិយា គាប់បវរ                                           ញាតិផងក៏ សតបវិញ!

ប៊ី ប៊យ
03/26/2010



Tuesday, March 29, 2011

ប្រាសាទព្រះវិហារធ្លាក់ឈឺធ្ងន់ធ្ងរ - ដោយៈ ខ្លឹម ច័ន្ទ

ប្រាសាទព្រះវិហារក្រៀមក្រមក្នុងចិត្ត - ដោយ ខ្លឹម ច័ន្ទ

ភ្នំពេញអាប់អន់សម្ផស្ស - ដោយ ខ្លឹម ច័ន្ទ

វាចាស្រូវ

Monday, March 28, 2011

អដ្ឋង្គិគមៈប្រាំបី និង បារមី ១០ (ទសបារមី)

អដ្ឋង្គិគមៈប្រាំបី
១)​ សម្មាទិដ្ឋិ                  ការយល់ឃើញត្រូវ
២)​ សម្មាសង្កប្បៈ           សេចក្ដីត្រិៈរិៈត្រូវ
៣)​ សម្មាវាចាមៈ            ការពោលស្ដីត្រូវ
៤) សម្មាកម្មន្តៈ              ប្រកបកិច្ចការងាត្រូវ
៥) សម្មាអាជីវៈ              ការចិញ្ចឹមជីវិតត្រូវ
៦) សម្មាវាយាមៈ           សេចក្ដីព្យាយាមត្រូវ                    
៧) សម្មាសតិ                ស្មារតីត្រូវ  ការភ្ញាក់រឭកត្រូវ
៨)​ សម្មាសម្មាធិ             សមាធិត្រូវ

=============================

បារមី ១០ (ទសបារមី)
គុណជាតិដ៏ប្រសើរ ចរិយាដ៏ប្រពៃ គប្បីបំពេញ ១០ យ៉ាង

១) ទានៈ  ការធ្វើអំណោយ ដាក់ទាន ចម្ពោះបុព្វហេតុល្អ
២) សីលៈ  ការរក្សាកាយ វាចា ចិត្តឲ្យបរិសុទ្ធប្រពៃ
៣) នេក្ខមៈ ការវៀរចាកកាមគុណ (សាងផ្នួស ជាដើម)
៤) បញ្ញាៈ ការយល់ដឹងច្បាស់ពីសេចក្ដីពិត
៥) វិរិយៈ ប្រកបដោយសេចក្ដីព្យាយាត្រូវ
៦) ខន្តិៈ ប្រកបដោយសេចក្ដីអត់ធនអំណត់
៧) សច្ចៈ ការរក្សាពាក្យសម្ដីឥតបីប្ដូរផ្លាស់ (រួមទាំងការគោរពកិច្ចសន្យា ..)
៨) អធិដ្ឋានៈ ការប្រមើលមើលហេតុនិងផល ឲ្យបានពិតច្បាស់លាស់
៩) មេត្តាៈ សេចក្ដីរាប់អានអាណិតអាសូរ មនុស្សឬសត្វ ជាទួទៅ
១០) ឧបេក្ខាៈ មានចិត្តជាអព្យាក្រិត្យ ប្រាសចាកសេចក្ដីលំអៀងផ្សេងៗ

បារមីទាំង ១០ នេះហើយដែលជា “ពន្លឺ” តម្រង់ផ្លូវសម្រាប់ព្រះពោធិសត្វរាល់ព្រះអង្គ បំពេញ
ក្នុងការឈានទៅកាន់ការត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ 

ស្មៅអ៊ើយទេរមក





ស្មៅអ៊ើយទេរមក!

ស្មៅអ៊ើយទេរមក ដៃខ្ញុំយក បោចអ្នកផង            ដ្បិតជាប់របង លូកមិនដល់ ក្រពះទារ
ឃ្លានស្មៅចំណី ឆីមិនគ្រាន់ រាល់វេលា                ភ្លៀងផ្គររងារ រកទឹកផឹក ស្អុយទ្រហំ

បើមានសេរី រំខានអ្វី អង្វរអ្នក                          មិនឲ្យខ្លួនធ្លាក់ សល់ស្បែកឆ្អឹង ទ្រហោយំ
ស្លឹកត្រែងឫស្សី អស់ឈើព្រៃ ពេញដងភ្នំ            រកឆីខ្ឡួនខ្ញុំ ចម្អែតកាយ សប្បាយចិត្ត

ជង្គង់ខ្ញុំញ័រ ត្រដរឈរ រក៍ស្មៅខ្ចី                      តែពុំមានអ្វី ក្រៅអង្វរ ក្ដីអាណិត
សូមស្មៅសន្ដោស ដុះក្បែរដៃ ផ្គង់ជីវិត              សូមទេរមកជិត ផ្គត់អាហារ ទម្រាំក្ស័យ!

បែកព្រាត់សន្ដាន លំនៅស្ថាន ដោយបង្ខំ          គេវាយគេដំ ដាក់ច្រវ៉ាក់ ឥតប្រណី
អស់សេរីភាព ដីធ្លាប់ចរ ដើររកឆី                   ឥឡូវត្រូវក្ស័យ ខ្វះចំណី គុកផ្ដន្ទា!

បើគេប្រល័យ ដោយអាវុធ មិនជាថ្វី                ស្លាប់គ្មានចំណី ដូចអវចី រងវេទនា
រាល់រៀងនាទី ខ្សោះស្រេកឃ្លាន កាយគ្រាំគ្រា    លុះសន្ធិយា ត្រឹមសូបិន ក្លិនស្មៅខ្ចី!

ដៃខ្ញុំលូកទៅ សូមឲ្យស្មៅ អ្នកទេរមក              អ្នកមានពន្លក ពកលូតលាស់ សាជាថ្មី
ចំណែករូបខ្ញុំ ពាហនៈ ពូជដំរី                       លាចោលលោកីយ៍ សូន្យបាត់ជាតិ ឥតលាស់វិញ!

ប៊ី ប៊យ
03/27/2011


Friday, March 25, 2011

បឹងកក់ ស្រក់ទឹកភ្នែកខ្មែរ

បឹងកក់ ស្រក់ទឹកភ្នែកខ្មែរ
(ជាបទចម្រៀង)
ប៊ី ប៊យៈ 03/25/2011

ខ្មែរមានតែឈ្មោះ រស់លើដីជួល             នឹកឡើងទ្រូងអួល ឈួលពេញឮឱរ៉ា
កើតមកជាខ្មែរ កេរ្តិ៍ដីដូនតា                     ម្ដេចគ្មានវាសនា ផ្ញើកាយដីកេរ្តិ៍?

ខ្ទមបាំងស្លឹកស្បូវ ក្រចៅចងទ្វារ              កត្តិករងារ ឧត្តរអគ្នេយ៍
ទឹកភ្នែកទ្រាំបាន មិនស្រក់ហូរទេ            ឱរ៉ាផ្សាទ្វេ ដេញខ្មែរលក់ដី..

ទឹកភ្នែកខ្ញុំស្រក់ បឹងកក់កម្ពុជា                គេលក់ដេញគ្នា ខ្មែរគ្មានតម្លៃ
ថ្ងៃនេះបឹងកក់ ស្អែកត្រូវលក់អ្វី?              ដុល្លារប្ដូរដី ប្រុស-ស្រីខ្មែរយំ!

ឈាមខ្មែរហេតុអ្វី កាត់ថ្លៃថោកម៉្លេះ?       សូមលោកតម្រិះ លះអស់មនោគម
បរទេសប៉ុនប៉ង ទិញក្បាលលោកធំ        ទិញស្រុកទិញឃុំ ទិញជាតិខេមរ៉ា!


បទនគររាជ - សម្នាព្រះហស្ថសម្ដេច ជួន ណាត

បទនគររាជ
1st verse
សូមពួកទេវត្តា រក្សាមហាក្សត្រយើង
អោយបានរុងរឿង ដោយជ័យមង្គលសិរីសួស្តី
យើងខ្ញុំព្រះអង្គ សូមជ្រកក្រោមម្លប់ព្រះបារមី
នៃព្រះនរបតី វង្សក្សត្រាដែលសាងប្រាសាទថ្ម
គ្រប់គ្រងដែនខ្មែរ បុរាណថ្កើងថ្កាន។
2nd verse
ប្រាសាទសីលា កំបាំងកណ្តាលព្រៃ
គួរអោយស្រមៃ នឹកដល់យសស័ក្តិមហានគរ
ជាតិខ្មែរដូចថ្មគង់វង្សនៅល្អរឹងប៉ឹងជំហរ
យើងសង្ឃឹមពរ ភ័ព្វព្រេងសំណាងរបស់កម្ពុជា
មហារដ្ឋកើតមាន យូរអង្វែងហើយ។
3rd verse
គ្រប់វត្តអារាម ឮតែសូរស័ព្ទធម៌
សូត្រដោយអំណរ រំឮកគុណពុទ្ធសាសនា
ចូរយើងជាអ្នក ជឿជាក់ស្មោះស្ម័គ្រតាមបែបដូនតា
គង់តែទេវត្តា នឹងជួយជ្រោមជ្រែង ផ្គត់ផ្គង់ប្រយោជន៍ឱយ
ដល់ប្រទេសខ្មែរ ជាមហានគរ។

ខាងលើនេះ ជាបទភ្លេងគោរពទង់ជាតិ សម័យរាជានិយម
និពន្ធដោយសម្ដេច ព្រះមហាធារាធិបតី ជួន​ណាត

ពុទ្ធសាសនានិងតម្លៃសីលធម៌ចំពោះស្វាមីភរិយា

ពុទ្ធសាសនានិងតម្លៃសីលធម៌ចំពោះស្វាមីភរិយា
    សុភមង្គលនៃជីវិតគូស្វាមីភរិយា តាមទស្សនៈពុទ្ធសាសនា គឺស្ថិតនៅលើសេចក្តីសុខនៅក្នុងគ្រួសាររបស់ខ្លួន ដែលហៅថា សុខកាយ សប្បាយចិត្ត ។ សុខកាយ គឺការដែលមិនមានជម្ងឺតម្កាត់ផ្សេងៗ រាងកាយរឹងមាំ អវៈយវៈ ទាំងអស់មានសុខភាព មាំមួន ធើ្វការងារបានគ្រប់យ៉ាងទាំងអស់។  សុខកាយម្យ៉ាងទៀតគឺការដែលមាន បច្ច័យ ៤ គ្រប់គ្រាន់ គឺមានម្ហូបអាហារត្រឹមត្រូវតាមក្បួនអនាម័យ មានសំលៀក បំពាក់ មានផ្ទះសំបែងនិងមានថ្នាំសំរាប់ ព្យាបាលជម្ងឺ។ សេចក្តីសុខខាងកាយនេះ ជាសេចក្តីសុខដែលគេស្គាល់គ្រប់គ្នា ហើយដែលគ្រួសារនីមួយៗតែងប្រាថ្នា។​ តែ សេចក្តីសុខប្រភេទនេះ មិនទាន់គ្រប់គ្រាន់ទៅនឹងសេចក្តីត្រូវការរបស់សុភមង្គលទេ។ ហេតុបានជាដូចេ្នះ ព្រោះថាបើ គ្រួសារ(ស្វាមីភរិយា)នោះមានបច្ច័យ៤គ្រប់គ្រាន់មែនតែអ្នកជាមនុស្សដែលខ្វះសីលធម៌ ខ្វះការកក់ក្តៅក្នុងក្រុមគ្រួសារ ប្តីប្រពន្ធ កូនប្រព្រឹត្តតែអំពើអបាយមុខដែលលោក ហៅថា ឆ្កួតស្រា ឆ្កួតស្រី ឆ្កួតល្បែងពាលា នោះជីវិតស្វាមីភរិយា នឹងមិន មានសេចក្តីសុខឡើយ។
    អ្នកមានទ្រព្យច្រើន តែជួនកាលអ្នកមិនមានសេចក្តីសុខ ដេកលក់ស្រួលស្មើនឹងជីវិតគូស្វាមីភរិយាខ្លះដែលក្រទ្រព្យ សម្បត្តិ តែចេះស្រលាញ់គ្នាល្អូកល្អឺន រស់នៅជាមួយគ្នា ក្នុងសុខដុមភាពឡើយ។​ ដូច្នេះ សេចក្តីសុខខាងផ្លូវចិត្តទើបជា​សេចក្តីសុខ ដែលសំរាប់បន្ថែមទៅលើសេចក្តីសុខខាងផ្លូវកាយ ដើម្បីឲ្យសុភមង្គលខាងជីវិតគូស្វាមី ភរិយាមានតុល្យភាព។
    អត្ថបទតទៅនេះ គឺជាកម្រងទស្សនៈពុទ្ធសាសនា ដែលបានដកស្រង់យកអន្លើ ខ្លះ ពីគម្ពីរទីឃនិកាយ សុត្តន្តបិដក អន្លើខ្លះទៀត​ពីសៀវភៅ «ជីវិតអពាហ៌ពិពាហ៌» របស់លោកធម្មបណ្ឌិតហេង មណីចិន្តានិងពីច្បាប់ផ្សេងៗ មករៀបរៀង និងពន្យល់សេចក្តី​ទុកជាគតិណើរលើវិថីជីវិតដែលសែនលំបាក។  តម្លៃសីលធម៌ចំពោះ ស្វាមី ភរិយា មានអ្វីខ្លះដែល គួរសិក្សា និងអនុវត្ត?
I. នាទី និងសីលធម៌ស្វាមី ចំពោះភរិយា
    ភរិយា, តាមអត្ថន័យ, គឺស្ត្រីដែលស្វាមីត្រូវចិញ្ចឹម, ត្រូវអនុគ្រោះ។ ការអនុគ្រោះ របស់ស្វាមីចំពោះភរិយា លោក បានចែកធម្មៈ ៥ប្រការ សំរាប់អនុវត្តគឺៈ
១‍. ស្រលាញ់ភរិយាដ៏ស្មោះ ដោយប្រើសំដីទន់ភ្លន់ ផ្អែមល្ហែម ទៅកាន់ ភរិយា, មិនប្រើពាក្យសំដីគ្រោតគ្រាត ទៅ កាន់ភរិយា។
២. មិនបៀតបៀន, មិនមើលងាយមើលថោកភរិយា ។
៣. មិនប្រព្រឹត្តកន្លងចិត្តភរិយា (មិនក្បត់ភរិយា) ។
៤. ប្រគល់កិច្ចការសព្វយ៉ាងនៅក្នុងផ្ទះ អោយទៅភរិយាកាន់កាប់។
៥. ផ្គត់ផ្គង់សំលៀកបំពាក់ គ្រឿងអលង្ការសមគួរដល់ភរិយា។
    ស្វាមីក៏ត្រូវយល់ដឹង និងជួយរំលែកសេចក្តីទុក្ខសំបាករបស់ភរិយា ក្នុងឋានៈជាស្រី និងជាភេទទន់ខ្សោយ គឺៈ​ ទុក្ខខាងផ្លូវកាយ និងផ្លូវចិត្ត នៅពេលមានគភ៌ មិន អាចប្រើឥរិយាបទទាំង៤ (ដេក ដើរ ឈរ អង្គុយ) និងប្រកបកិច្ច ការបានស្រួល, ទុក្ខនៅពេលឆ្លងទន្លេប្រសូតបុត្រ...។
II. នាទី និងសីលធម៌ភរិយា ចំពោះស្វាមី 
    .ក) ក្នុងឋានៈជាភរិយា
គប្បីយល់ដឹងសីលធម៌ ៥ ប្រការ សំរាប់អនុវត្តចំពោះស្វាមីខ្លួន គឺៈ
១. ចាត់ចែងការងារក្នុងផ្ទះ មានបាយទឹកជាដើមដោយផ្ចិតផ្ចង់, មើលរៀបចំឥវ៉ាន់ ទ្រព្យសម្បត្តិ រៀបចំផ្ទះសំបែង ឲ្យមានសណ្តាប់ធ្នាប់រៀបរយស្អាតបាត មានអនាម័យ ដូចសុភាសិតថា «ដំណេកដេកជាខ្នាត  អោយសំអាតសំអាងជា
ទើបទេវតារក្សា ចំរើនសុខស្រីសួស្តី» ។
២. សង្គ្រោះញាតិខាងស្វាមី និងញាតិខាងខ្លួន ឲ្យបានស្មើមុខគ្នា រួមទាំងបដិសណ្ឋារកិច្ច ចំពោះបុគ្គលដែលស្វាមីរាប់អាន ពេលដែលជននោះមកដល់ផ្ទះ។
៣. ថែទាំទុកដាក់ទ្រព្យសម្បត្តិដែលស្វាមីរកបានមក, របស់បាត់ត្រូវតាមរក, របស់ចាស់ត្រូវជួសជុលប្រើ, និងត្រូវចេះប្រមាណ ក្នុងការប្រើទ្រព្យសម្បត្តិ ។
                   ត្រង់នាទី ទី៣ នេះ នារីជាភរិយាត្រូវចងចាំពាក្យបុរាណថាៈ
«ប្តីជាអ្នករក ទ្រព្យធនបានមក   ប្រពន្ធទុកដាក់ ចាស់ទុំបូរាណ   បានពោលបញ្ជាក់    អោយនាងអោយអ្នក  ចងចាំគ្រប់ប្រាណ។   សំណាបយោងដី រីឯស្រីៗ  យោងប្រុសសាមាន្យ (សាមញ្ញទោះមារយាទខ្សោយ  ក៏ដោយបើបាន  ស្រីមានសន្តាន  ខ្ជាប់ខ្ជួនមួនមាំ     តែងបានចំរើន  ទ្រព្យាកើតកើន  ព្រោះស្រីថែទាំ    ចាត់ចែងទុកដាក់   ចេះលាក់សន្សំ  សង្វាតខិតខំ រក្សាឲ្យគង់ »   « ខ្លែងហើរដ្បិតខ្យល់  នាយថ្កើងដ្បិតពល  រក្សាឲ្យសុខ   ទ្រព្យគង់ដ្បិតស្រី ចេះសំចៃទុក ផ្ទះធំស្រណុក   ដ្បិតភរិយាជា »

៤. មិនប្រព្រឹត្តកន្លងចិត្តស្វាមី ( មិនក្បត់ចិត្តស្វាមី ) ។
. ឈ្លាសវៃ ប៉ិនប្រសប់ និងប្រឹងប្រែងជានិច្ចក្នុងកិច្ចការគ្រប់យ៉ាង ព្រោះខ្លួនមាន នាទីជា « មេផ្ទះ, មេកិច្ចការជាធំ​ក្នុងគ្រួសារ» ។​
                
     

.ខ) របៀបរស់នៅរបស់ស្ត្រី (១0)
     
  នារីពេលមានស្វាមីគប្បីចងចាំគឺៈ
           ១) ភ្លើងក្នុងកុំនាំចេញក្រៅ,
           ២) ភ្លើងក្រៅកុំនាំចូលក្នុង,
           ៣) ត្រូវអោយបុគ្គលដែលអោយ,
           ៤) មិនត្រូវអោយដល់បុគ្គលដែលមិនអោយ,
           ៥) ត្រូវអោយដល់បុគ្គលដែលអោយក្តីមិនអោយក្តី,
           ៦) ត្រូវអង្គុយដោយស្រួលបួល,
           ៧) ត្រូវបរិភោគដោយស្រួលបួល,
           ៨) ត្រូវដេកដោយស្រួលបួល,
           ៩) ត្រូវបូជាភ្លើង  ឬបំរើភ្លើង,
           ១០) ត្រូវថ្វាយបង្គំទេវតាក្នុងផ្ទះ ។

សេចក្តីពន្យល់ៈ
    ​១) ភ្លើងក្នុងកុំនាំចេញក្រៅ ។  មានន័យថា រឿងរ៉ាវណាដែលសៅហ្មងក្តៅក្រហាយ មិនល្អ អាក្រក់ ដែលជារឿងផ្ទៃក្នុងរបស់ក្រុមគ្រួសារខ្លួន, មាតាបិតាខ្លួន មិនត្រូវនាំចេញទៅផ្សាយ ដើរប្រាប់គេប្រាប់ឯង ដោយហោចទៅសូម្បី តែសាច់ញាតិខ្លួន ឡើយ។
   
២) ភ្លើងក្រៅកុំនាំចូលក្នុង ។ មានន័យថា រឿងណាដែលមិនល្អ មិនមានប្រយោជន៌ ជារឿងក្តៅក្រហាយ ហើយ មិនទាក់ទងនឹងសាច់រឿងរបស់ខ្លួនទេ មិនគប្បីនាំចូលមកក្នុងផ្ទះ អោយក្រុមគ្រួសារបានទទួលការក្តៅក្រហាយផងដែរនោះ ទេ។​ ទោះជារឿងក្តៅក្រហាយនោះទាក់ទងទៅនឹងកេរ្តិ៎ឈ្មោះ និងផលប្រយោជន៍ របស់គ្រួសារ ឬស្វាមីខ្លួនក្តី ក៏ត្រូវរកឱកាសនិយាយដែរដើម្បីកុំឲ្យក្តៅទាំងរឿង ក្តៅទាំងមនុស្សទៀត ។ មានភរិយាខ្លះ ឃើញស្វាមីមកពីធើ្វការហត់នឿយ ឬមានរឿង មុខមិនស្រួលមកដល់ផ្ទះមិនទាន់ទាំងដាក់គូថអង្គុយផង ក៏ស្រាប់តែនាំយករឿង អា ក្រក់រឿងក្តៅក្រហាយទៅពិតទូលបញ្ឆេះធ្វើឲ្យស្វាមីដែលកំពុងស្រួលៗនោះ ក្តៅក្រ ហាយ ឆេះភ្លាមមួយរំពេច ។ ប្រការនេះនាងជាភរិយាគួរយល់ដឹង ។
    
៣) ត្រូវអោយបុគ្គលដែលអោយ ។ មានអ្នកមកខ្ចីទ្រព្យបើជឿទុកចិត្តថានឹងសងវិញ សឹមអោយខ្ចី ។
    
៤) មិនត្រូវអោយដល់បុគ្គលដែលមិនអោយ ។ បើមានអ្នកមកខ្ចីទ្រព្យនោះ មិនគួរទុកចិត្តថាសងវិញទេ មិនត្រូវ អោយខ្ចីទេ ។ បើអោយខ្ចីត្រូវគិតថា របស់នោះ ទុកដូចជាបោះចោលទៅក្នុងទឹកទន្លេ ។
   
៥) ត្រូវអោយដល់បុគ្គលដែលអោយក្តី មិនអោយក្តី ។ ត្រូវតែអោយដោយសង្ឃឹម ថាសងវិញ ឬមិនសងវិញ ដូច ជាបងប្អូនដែលយើងត្រូវតែជួយដោះទុក្ខធុរៈ មួយ ទៀតបានដល់ការដាក់ទានដល់ស្មូមយាចករួមទាំងការធ្វើបុណ្យទាន ដែលត្រូវធ្វើជា ប្រពៃណីរបស់យើង ។
   
៦) ត្រូវអង្គុយដោយស្រួលបួល ។ ត្រូវអង្គុយដឹងខ្ពស់ដឹងទាប,​ អង្គុយប្រយ័ត្នប្រយែង មិនច្រងេងច្រងាង យះដៃយះជើង។    
  
៧) ត្រូវបរិភោគដោយស្រួលបួល ។ ត្រូវមានសុជីវធម៌ក្នុងការបរិភោគអាហារ គឺ បរិភោគអោយដឹងមុនក្រោយ បរិភោគជាមួយអ្នកណា ពេលណាគួរបរិភោគ...។
   
៨)ត្រូវដេកដោយស្រួលបួល។ គឺការរៀបចំដំណេកអោយបានសមរម្យស្រួលបួលរួមទាំងការត្រៀមវត្ថុចាំបាច់ខ្លះ ពេលចូលដេកកុំឲ្យពិបាកងើបដើរឆ្ងាយទៅយក ។ ទំនៀមខ្មែរពីដើម មុនដេក ភរិយាត្រូវមូរបារី អប់ទឹកផ្តិលដាក់ចុងជើង។  ក្នុងរឿងសិរី ៣ប្រការរបស់ធម្មបាលមាណព  ដែលដោះប្រស្នាជាមួយកបិលមហាព្រហ្ម បានអធិប្បាយថាៈ  ពេលព្រឹកសិរីនៅមុខ  ដូច្នេះត្រូវលុបមុខ,  ពេលថ្ងៃសិរីនៅទ្រូង  ត្រូវលាបស្រឡាបដើមទ្រូង,  ពេលល្ងាច សិរីនៅជើង  ត្រូវលាងជើងមុនពេលចូលដេក​  ។ ម្យ៉ាងទៀតៈ
       = មិនត្រូវកន្លងជើងប្តីឬខ្លួនប្តី ព្រោះខ្មែរប្រកាន់ថាប្រុសៗមានគ្រូបាធ្យាយ កំណើតកាន់ ឬបើប្តីជាអ្នករៀនមន្តអាគម ក៏នឹងសាបអស់។
        = ត្រូវដេកនៅខាងឆ្វេងស្វាមី ឯក្បាលដំណេក គួរដាក់នៅទិសខាងត្បូង ព្រោះ « ត្បូង » ប្រែថាក្បាល ។
        = គួរមើលឲ្យបានច្បាស់ពេលដេក មិនត្រូវបែរជើងទៅរកស្វាមី មាតាបិតា ឬ ព្រះពុទ្ធរូបទេ ព្រោះដូចជាយើងយកជើងទៅធាក់លោកអញ្ចឹង ។
        = ត្រូវដេកប្រយ័ត្នប្រយែង ក្រែងលេចកេរ្តិ៍ខ្មាស់ ឬពេលងើបពីដេករបូតសំពត់ ជាដើម ។ ខ្មែរមានទំនៀមថា  « ប្រពន្ធត្រូវដេកក្រោយប្តី និងភ្ញាក់មុនប្តី » ព្រោះ លោកយល់ថា ប្តីធ្វើការនឿយហត់ពីថ្ងៃ ហើយឯប្រពន្ធនៅផ្ទះ ដូច្នេះត្រូវមើល ខុស ត្រូវរៀបចំទុកដាក់ចានក្បានឲ្យហើយ, មើលទ្វារបង្អួចក្រែងបិទមិនជិត, មើលភ្លើង ក្រែងរាលឆេះ ។ល។ លុះភ្ញាក់ត្រូវភ្ញាក់មុន ព្រោះម្យ៉ាង ដើម្បីកុំឲ្យឃើញសភាពមិន រៀបរយរបស់សំពត់ខោអាវពេលដេក និងរៀបចំអាហា រពេលព្រឹកសំរាប់ស្វាមីផង ព្រមទាំងបោសច្រាសផ្ទះសំបែងឲ្យបានស្អាតបាតស្រេចបាច់ហើយ ម្យ៉ាងទៀត ក៏មិនគប្បីដេកកណ្តាលវាលដែរ ត្រូវមានអ្វីបិទបាំង ឬជាទីកំបាំងភ្នែកអ្នកផង ។
  
៩) ត្រូវបូជាភ្លើង ឬបំរើភ្លើង ។ ក្នុងទីនេះបានដល់ស្វាមីដែលភរិយាត្រូវគោរពបំរើ ប្រណិប័តន៌ ថ្នាក់ថ្នមរួមទាំងការ បំពេញសេចក្តីត្រូវការខាងភេទផងដែរ ។ ភ្លើងនេះបើយើងបូជា ឬបំ់រើមិនល្អ វានឹងអាចរលាក ឬឆេះដល់នាងជាភរិយាពិត ប្រាកដ ។

  
១០) ត្រូវថ្វាយបង្គំទេវតាក្នុងផ្ទះ។ ទេវតាក្នុងផ្ទះនេះ បានដល់មាតាបិតារបស់ខ្លួនក្តី របស់ស្វាមីក្តី ដែលយើងនៅ​ជាមួយ, និងមួយទៀត បានដល់គ្រឿងសក្ការបូជាក្នុងផ្ទះ ដែលយើងជឿគោរពបូជា ។ ការបំរើមាតាបិតា ការគោរព ប្រណិប័តន៍លោក ថ្វាយបង្គំលោក រមែងបាននូវអានិសង្សនិងសេចក្តីសុខជាពន់ប្រមាណ ព្រោះព្រះសម្មា សម្ពុទ្ធ ​លោកបានមានពុទ្ធដីកាថាៈ មាតាបិតាជាព្រះព្រហ្មរបស់កូនផង ជាទេវតាដើមផង ជាគ្រូផង និងជាអហុនេយ្យបុគ្គល របស់កូនផង កូនណាគោរពបូជា បុណ្យរមែងកើតដល់កូនប្រុសស្រីនោះមិនដាច់ ។

    ក្រៅពីឱវាទទាំង ១០ នេះ នៅមានឱវាទផ្សេងៗទៀតជាច្រើន ដែលសុទ្ធសឹងជាពាក្យទូន្មានចំពោះស្ត្រីដែលនឹង ត្រូវមានស្វាមី ។ ជាពិសេស នៅក្នុងរឿងវិធូរបណ្ឌិតជាតក នៅពេលដែលនាងវិមលា ដែលជាមហេសីស្តេចនាគផ្តាំដល់បុត្រី គឺនាង ឥរន្ទវតី មុននឹងធ្វើដំណើរទៅជាមួយស្វាមី​គឺបុណ្ណកយក្ស។អ្នកប្រាជ្ញបណ្ឌិតយើង បានរៀបរៀងតែងពាក្យកាព្យឡើងឈ្មោះថា « ច្បាប់ស្រី » មានលំនាំជាបទ ភុជង្គ លីលា ដែលខ្មែរយើងនិយមអោយកូនស្រី ទន្ទេញណាស់ ។​
   
  ដំណើររួមរស់នៃស្វាមីភរិយា មិនមែនសំរាប់តែសេចក្តីសុខស្រួលទាំងផ្លួវកាយទាំងផ្លូវចិត្តនៅក្នុងផ្ទះមួយជាមួយ គ្នាប៉ុណ្ណោះទេ ។ គូស្វាមីភរិយា ត្រូវចេះឆ្លៀតទាញយកប្រយោជន៍អំពីភាពស្និទ្ធស្នាលនៃការរួមរស់ជាមួយគ្នានេះ ជួយណែនាំ រំលឹក ដាស់តឿនគ្នាឲ្យបណ្តុះចិត្តគំនិតមានជំនឿក្នុងព្រះសាសនា, ឲ្យចេះប្រយ័ត្ន មិន បណ្តោយឲ្យធ្លាក់លង់ទៅក្នុងអបាយមុខណាមួយ មាន ស្រី ស្រា ល្បែងភ្នាល់ ការសេពគប់រកមនុស្សអាក្រក់ជាមិត្ត ជាដើមដែលជាហេតុនាំឲ្យវិនាសទាំងទ្រព្យ ទាំងខ្លួនប្រាណ ។
 
    មានស្វាមីភរិយាចំណាស់មួយគូ ដែលជាប់ឈ្មោះថាជាស្វាមីភរិយាឧត្តមបានទៅថ្វាយបង្គំព្រះពុទ្ធ ហើយទូលសួរ ថាៈ បពិត្រពះអង្គដ៏ចំរើន យើងខ្ញុំព្រះករុណាបានគ្នាជាប្តីប្រពន្ធ ក្រោយពេលដែលបានស្គាល់គ្នាតាំងពីនៅក្មេងៗ ដូចគ្នា ហើយយើងខ្ញុំស្គាល់តែសេចក្តីសុខពុំដែលមានរឿងហេតុមោះហ្មងអ្វីនឹងគ្នាម្តងណាទេ។ សូមព្រះ អង្គមេត្តាពន្យល់ប្រាប់យើងខ្ញុំផង ថាតើយើងខ្ញុំត្រូវធ្វើយ៉ាងណា ដើម្បីអាចនឹងបាន ជួបគ្នាទៀតនៅជាតិក្រោយ ។
  
ព្រះពុទ្ធទ្រង់ត្រាស់តបប្រកបដោយគតិបណ្ឌិតថាៈ

បើអ្នកទាំងពីរមានជំនឿសាសនាដូចគ្នាបេះបិទ (សមសទ្ធា),​ បើអ្នកទាំងពីរទទួល យកសេចក្តីទូន្មានព្រះសាសនាតាមរបៀបដូចគ្នាបេះបិទ (សមសីលា), បើអ្នកទាំង ពីរសាងកុសលទានដូចគ្នា (សមចាគា), បើអ្នកទាំងពីរមានការសិក្សាអប់រំ និងវៃឆ្លាត ប្រហាក់ប្រហែលគ្នា (សមបញ្ញា)... ទៅជាតិក្រោយទៀត អ្នកទាំងពីរនឹងបានប្រកប ដោយចិត្តដូចគ្នាទៀត ពោលគឺ នឹងអាចជួបគ្នាគ្រប់ៗជាតិជាមិន ខាន។

ដកស្រង់រៀបរៀងនិងនិពន្ធដោយលោក ឱម ខែម​ 
                                                                                                      
(១) ឱវាទ ១០ យ៉ាងរបស់ធនញ្ជ័យសេដ្ឋី ដែលផ្តាំចំពោះនាងវិសាខា នៅពេលដែលធ្វើដំណើរទៅនៅខាង ស្វាមីនាង, ជាឱវាទ ទាក់ទងទៅនឹងចរិយារបស់ភរិយា, សូមនាំមកចុះជាគតិជូនព្រោះជារបស់មានសារៈ សំខាន់ ហើយក៏ជាទីនិយមបំផុតនៃវប្បធម៌ និងអរិយធម៌ខ្មែរ។

អក្សរសាស្ត្ររលំ ជាតិរលាយ


អក្សរសាស្ត្ររលំ ជាតិរលាយ

ពូភឿកមីងផែន              ទ្រូងផ្សាចុកណែន           ពេញសព្វអាត្មា               សង្គមជាតិក្រ
ក្រសព្វសិក្ខា                   គ្រប់ពេលអក្ខរ៉ា               ផ្សារកញាតិជួយ!

គន់មើលទៅស្ដេច          ភ្លើតភ្លើនមិនដាច់            ភីលៀងស្រីសួយ
រាំហាច់ថតកុន                ប្រជាទុក្ខព្រួយ                ជាតិពុករលួយ                ព្រួយព្រោះខ្វះស្រី!

ងាកព្រៃនគរ                  យួនប្លន់លេបយក៍           ជេដ្ឋាចក្រី                      ពូជស៊ីហានុ
ជួញជាតិព្រោះស្រី         បរទេសអប្រីយ៍               អស់ដីខេមរ៉ា!

គេឡកគេកេណ្ឌ             ឆ្លើយខុស មីងផែន          មីងឥតទោសា                សិស្សផងសើចហ៊ោរ
ឡកលើយម្ដេចម្ដារ         មីងខំសិក្សា                    ភាសាជាតិខ្មែរ!

សម្បជញ្ញៈ                     មីងឃើញស្គាល់ជាក់        ស្ដេចពាលប៉ែឡែ            យកជាតិជាល្បែង
លឹតយួនជាន់ខ្មែរ           មីងត្រូវខំថែ                    សាស្ត្រខ្មែរឲ្យគង់!

បាត់សាស្ត្រភាសា         ពូមីងប្រវា                      កំចាត់ខ្លៅល្ងង់                តម្កើងសិរី
ក្សត្រាជាពង្ស                ដួងកែវ ក្រោមទង់           វរ្ម័ន ពិជ័យ...

បាត់សាស្ត្រភាសា          លែងមានសាវតា             ក្រោម”នុ”ពាលព្រៃ         វរ្ម័ន កសាង
នគរមហាជ័យ               ពូជ នុ ប្ដូរស្រី                  បាត់ព្រៃ នគរ!

ប៊ី ប៊យ
03/24/2011

Thursday, March 24, 2011

(ធ)​ ដាក់ជើង..ម..ធ្ម...ធ្ម..ដាក់ស្រៈអេ..ថ្មេ....ថ្មេ..នឹង(ញ)= ស្ញេញ?

(ធ)​ ដាក់ជើង..ម..ធ្ម...ធ្ម..ដាក់ស្រៈអេ..ថ្មេ....ថ្មេ..នឹង(ញ)= ស្ញេញ?

ច្រើនអាទិត្យកន្លងមក មីងផែន គាត់ខឹតខំរៀនណស់ ។  ឥឡូវ គាត់បានឡើងថ្នាក់ដល់ប្រកប
ព្យាង្គតម្រួតខ្លះៗហើយ ។ ថ្ងៃមួយ គាត់និងអាភីងលើកអម្រែកម្នាក់មួយនាំគ្នាទៅរែកទឹក ។ តែគាត់
ឆ្លៀតទៅមុនម៉ោងបន្តិច ព្រោះចូលរៀនសិន ទើបទៅរែកទឹក ។

មីងចូលទៅក្នុងថ្នាក់(សាលា)ដែលសង់ពីស្បូវនិងឫស្សី ឥតមានជញ្ជាំងទេ ។ អាភីងរង់ចាំនៅក្រៅ
ក្បែរគល់ពោធិ៍ជិតនោះ ។

មេរៀនថ្ងៃនេះគឺ ប្រកបពាក្យមួយព្យាង្គ ហើយបន្លឺសម្លេងនៃព្យាង្គនីមួយៗឡើង ក្រោយពេលប្រកប
ហើយ ។ លោកគ្រូ ជុំ បានដាក់ពាក្យមួយព្យាង្គៗជាច្រើន ដើម្បីឲ្យសិស្សគាត់ហាត់ហ្វឹកហ្វឺន ក្នុងថ្ងៃ
នេះ ដូចជា៖ បង្កង  ជន្លួញ  ជណ្ដើរ ។ល។ តែគាត់ក៏បានបញ្ចូលមេរៀនចាស់ពីមុនខ្លះៗ ដើម្បីកុំឲ្យសិស្ស
គាត់មានការភ្លេចភ្លាំង ផងដែរ... (ការផ្ញើជើង ការប្រើវណ្ណយុត្តិ និងការផ្សំស្រៈ) ដូចជា៖​ ធ្មៃ  ធ្មេញ ត្មាត
វ៉  វ៉ា ជាដើម ។

ដោយឃើញមានអម្រែក កន្ថាំងទឹកអីអញ្ចឹងជាប់ជាមួយផងដូច្នេះ  លោកគ្រូ ជុំ ក៏ដូចជាយល់ចិត្ត  ចាប់
ផ្ដើមមេរៀននឹងមីង ផែន មុនគេ ... ប្រកបខ្លះ ផ្ញើជើង និងការផ្សំស្រៈខ្លះ ....

អ្នក ផែន... ប្រកបនិងបន្លឺសម្លេង ពាក្យនេះ “ ធ្មេញ..”.. លោកគ្រូ ជុំ ចាប់ផ្ដើម..
“អាហ្នឹង .. ធ... ហីក៏អី..នៅពីលើគេហ្នឹង ជុំ? មីងសួរ...
ពូ ជុំ នៅស្ងៀម ឥតឆ្លើយ ....
“អាហ្នឹង ..ធ... ហើយ”...មីងផែន..អះអាង...តែដូចជាមិនសូវ...ប្រាកដសោះ! ហើយក៏..
“...ធ...ដាក់ជើង..ម.. ធ្ម.. ដាក់ស្រៈ...អេ... ថ្មេ.. ថ្មេ..នឹង...ញ... មីងមិនដឹងវាមានសម្លេង
យ៉ាងម៉េចនៅពេលហ្នឹង... គាត់អាក់...  រកថាមិនត្រូវ ។

អាភីង នៅខាងក្រៅ ឃើញដូច្នោះ  អន្ទះរាក្នុងចិត្ត មិនដឹងគិតយ៉ាងម៉េចជួយម្ដាយបាន... ក៏..ជួយឲ្យ
វិញ្ញាសាពីក្រៅ ដោយបើកមាត់បង្ហាញធ្មេញ.... ធ្មេញ... ឲ្យម្ដាយឃើញ....

មីងផែន..អរភើត... ក៏... បន្ត..
...ធ...ជើង...ម... ធ្ម....ធ្ម..ដាក់ស្រៈ..អេ... ធ្មេ... ធ្មេ..នឹង...ញ....=ស្ញេញ! (ព្រោះគាត់ឃើញអាភីងសើចដាក់គាត់ ញេញធ្មេញ ស្ញេញ....!!!)

ប៊ី ប៊យ
03/24/2011

ត្រូវឬអត់ -- សំណើចថ្ងៃនេះ

សាលាអនក្ខរកម្មមួយ
ខ្មែរយើងមួយចំនួនធំត្រូវបានទំនៀមទម្លាប់រារាំងមិនឲ្យចូលសាលាដោយផ្នត់គំនិតសង្គមផ្សេងៗផងនិង
ដោយជីវភាពតម្រូវឲ្យឆ្ងាយពីការរៀនសូត្រអក្សរសាស្ត្រជាតិផង ជាពិសេសមីង អុំស្រីៗ ។ តែក៏មានពូ អុំ ប្រុសៗដ៏ច្រើនដែរ។

ឆ្លើយតបទៅនឹងការឥតចេះអាន សរសេរ ភាសាជាតិដូច្នេះ ក៏មានការបង្ហាត់បង្រៀនចាស់ៗ នៅតាមស្រុក
ភូមិ តំបន់ស្ទើរគ្រប់ទីកន្លែង ។  សាលាបំផុសបំផុលឲ្យមានការរៀនសូត្រសម្ពោះចាស់ៗតាមស្រុកភូមិនេះ
ហៅថា៖ “សាលាអនក្ខរកម្ម” សម្ដៅទៅលើចាស់ៗដែលឥតចេះអក្សរ ។

ពូ”ជុំ” គាត់ក៏មានវ័យមួយស្រករគ្នានឹងកូនសិស្សរបស់គាត់ដែរ នៅក្នុងភូមិមួយដែលគាត់បង្ហាត់បង្រៀន
នោះ ។ គាត់បានចូលទៅរស់នៅ រៀនសូត្រខ្លះៗអំពីសម្នាក់លោកសង្ឃឯវត្ត កាលគាត់នៅពីក្មេង ម៉្លោះហើយ
អ្នកភូមិសូមឲ្យគាត់ជួយបង្ហាត់ ក ខ ដល់ពួកគាត់ផង ។ សាលាអនក្ខរកម្មនៅក្នុងភូមិនេះ ក៏បានចាប់ផ្ដើម
បើកឡើង ។

លោកគ្រូ ជុំ ពន្យល់ពីរបៀបសរសេរ ព្យញ្ជនៈនីមួយៗ សារចុះសារឡើង ដោយធ្វើការបង្ហាញផង ឲ្យកូនសិស្ស
គាត់សរសេរតាមផង ឲ្យស្រាយពន្យល់ពីរបៀបសរសេរ ដែលគាត់ទើបនឹងបង្ហាត់ពន្យល់នោះផង ។ នេះជា
កោសល្យបង្ហាត់របស់គាត់ ។ ឧទាហរណ៍៖ អក្សរ (ក) គឺចាប់ទាញដីស ពីខាងក្រោម ខាងឆ្វេង អូសឡើងលើ
ហើយបត់ទៅខាងស្ដាំ ចុះមកក្រោមវិញ តម្រឹមជើងឲ្យស្មើគ្នា ។ រួចហើយ ដាក់សក់ ... យើងអូសបន្ទាត់ត្រង់
ពីលើតួវា ពីឆ្វេងទៅស្ដាំក៏បាន ... ចាប់គូដូចជាស្លាបកុកហើរក៏បាន ។

ក្រោយពីបញ្ចប់មេរៀនមួយៗហើយ  ពូជុំរមែងតែធ្វើការសាកល្បងពីការយកចិត្តទុកដាក់សិស្ស ដោយឲ្យ
សិស្សគាត់ពន្យល់សារឡើងវិញនូវអ្វីដែលទើបបានរៀនថ្មីៗទាំងនោះ ។

“អ្នក អៀង” ពូជុំហៅកូនសិស្សគាត់ ។ សូមសរសេរស្រៈ “អុ” (ុ )
“ហ៊្មាន...ប៊ាកអីទេ ជុំមើយ..” មីងអៀងឆ្លើយ ... ទាំងស្វាហាប់!
“ស្រៈ(អុ) កាង៉ុង ថ្រង់ធ្លូទៅក្រោម  ហ៊្រាងក្ងុកម៉ាទេច... ដូចឈើឈាត់ឪញ៉ុមហ្នឹង!”

លោកគ្រូ ជុំ រាងអាក់បន្តិចពីចម្លើយមីង អៀង ... ហើយក៏បន្ត...
“ល្បង ភឿក” ... សូមសរសេរអក្សរ (ង)...
ពូ ភឿកក៏... ម៉ាកាណាត់ចុះខោម  ឆ្មើលើឆ្មើខោមដូចម៉ែអាភីង ប៉ុនញ៉ុម...(ប្រពន្ធខ្ញុំ).. ហីម៉ាកាណាត់
ទៅលើដូចថំហ្រី(ដំរី)បួងដៃហ្នឹង..! ថូវអត់ (ត្រូវឬអត់) អាជុំ?.....

"...ហ៎ាសៗ...." លោកគ្រូ ជុំ ទប់ពុំបានក៏របូតសំណើច ។ ...អក្សរ(ង) វាទៅ
ជាមួយកំណាត់ដូចអ្នក ផែន(ប្រពន្ធពូភឿក) មួយកំណាត់ដូចប្រមោយដំរី
អញ្ចឹងទៅ..ល្បង?

ប៊ី ប៊យ
03/23/2011

បទកាព្យឬអត្ថបទកំពុងត្រូវបានចាប់អារម្មណ័ - Popular Posts