ទមិឡ
ពួកជនទមិឡងោះឈ្លោះនឹងសង្ឃ ពាលពិតពេញអង្គឥតសាសនា
ទាញខែលដំបងគ្មានពិចារណ៍ វាត់វាយប្រហារសង្ឃសាសន៍ខ្មែរ
អំណាចជួរជងឃ្នងព្រៃផ្សៃ អាងកាប់ប្រល័យក្រៃឡប់ឡែ
វង្វេងបុណ្យបាបផ្ទុយភាពខ្មែរ ខំគ្រងខំថែពុទ្ធសាសនា!
ជនទមិឡពាលរាលពេញទាំងស្រុក រាតត្បាតអុកឡុកក្នុងសីមា
រឹបអូសដីធ្លីកូនខេមរ៉ា បំពានសច្ចាច្បាប់ចោរព្រៃ..
សង្ឃសាងកុសលយល់បាបបុណ្យ ឈរតាងឲ្យជនរងគ្រោះភ័យ
ត្រូវពួកចោរទមិឡវឹលរំពៃ រំខានច្បាប់ព្រៃ ពាលនៃខ្លួន!
ធាតុពាលស្ដែងពិតងងឹតកម្ម បាបបុណ្យលែងចាំ ប្រាំថាបួន
លេខបូក បាត់សងឃើញផ្ទួនៗ ចូលហោប៉ៅខ្លួន ជាន់ឈ្លីរាស្ត្រ!
បាត់អស់តម្លៃពុទ្ធសាសនា កេរ្មិ៍ឈ្មោះខេមរ៉ាក៏វិនាស
បាត់ស្រុកបាត់ភូមិ ពាលពេញពាស ជញ្ជក់ឈាមរាស្ត្រកណ្ដាលថ្ងៃ!
ទាំងរាស្ត្រប្រជាទោះទាំងសង្ឃ ទមិឡឥតបង្អង់បន្ធូរដៃ
សុចរិតយុត្តិធ៌មគ្មានតម្លៃ តែខ្មែរស៊ូក្ស័យ រាស្ត្រនិងសង្ឃ!
ប៊ី ប៊យ
10/04/2011

អរគុណ សំរាប់កំណាព្យថ្មី ស្នាដៃបងប្រុសកវី ប៊ីប៊យ ..
ReplyDeleteសូមសរសើរ..
គិតសព្វៗទៅ ពួកទាហ៊ានអស់ទាំងហ្នឹង ដូចសត្វចិញ្ចឹម
ដែលម្ចាស់ប្រើឱយធ្វើអ្វីក៍ត្រូវតែធ្វើ.. ទោះជាទង្វើមិន
គាប្បីក៍មិនខ្វល់.. មិនដឹងខ្លួនថាគេចិញ្ចឹមទុកប្រើសោះ !!.
‹‹ បើគេចង់ប្រើ គេឱយចំណីឆ្ងាញ់ដល់មាត់ !. បើគេចង់បង្អត់ គេឱយក្សត់ក្រៀមក្រពះ !!!.. ››
នេះជាគំនិតមួយរបស់ ប្អូនស្រីកុលាបខៀវ និងចង់និយាយដែរថា៖
- បើគេចង់ប្រើ គេឱយចំណីឆ្ងាញ់ដល់មាត់ = ជះលុយឱយហ៊ឺហារតែមួយភ្លែតប៉ុណ្ណោះ !..
- បើគេចង់បង្អត់ គេឱយក្សត់ក្រៀមក្រពះ = រស់ជាមួយប្រាក់ខែងាប់.. ប្រពន្ធកូនក៍ត្រូវវេទនាជាមួយដែរ !..
ទមិឡជាជាតិខ្មែរដូចគ្នា អាចធ្វើបានតាមគ្រប់រូបភាព.. តាមបញ្ជា
ថ្នាក់លើ ដោយមិនខ្លាចក្រែងចុះនរកសោះ!!!.
តើខ្មែរត្រូវកាន់សាសនាអ្វីវិញ ទើបខ្មែរឈប់ប្រព្រឹត្តិអំពើស្មោគគ្រោក
បែបនេះ ?.
និយាយអញ្ចឹង មួយរយះនេះ ដូចជាខានឃើញស្នាដៃកវី ‹‹ ខ្លឹមច័ន្ទ ›› តើបងប្រុស មានដំណឹងអ្វីពីគាត់ដែរទេ ?. ឬមួយគាត់រវល់នឹងការងារ គ្មានឱកាសតែងនិពន្ធ ?.
សូមអរគុណ និងរីករាយថ្ងៃសំរាកកាយណាបងប្រុស ..
កុលាបខៀវ ប្អូនស្រី ដោយក្តីរលឹក !..
@@@@@@@@@@@@@@@@@@@@@@@@@
សួស្ដី កុលាបអ៊ើយ...
ReplyDelete..សូមអរគុណៗ ដោយបានឈៀងចូលលេងណា៎!
..សូមទោសជាមុនសិន... ខ្ញុំចង់ប្រដូចពួកទាហាននិងប៉ូលីស
អស់ទាំងនេះទៅនឹងលក្ខណៈមនុស្សមួយសណ្ឋានគឺ៖
មនុស្សតិរិច្ឆានោ =ប្រែថា មានកំណើតជាមនុស្ស តែឫកពារ ឥរិយាបថជាតិរច្ឆានណា៎! សតិសម្បជញ្ញៈ ធម្មសញ្ញានានា
របស់មនុស្សគឺពួកគេឥតមានទេ!
មួយវិញទៀតធៀបដូចជាសុនខចិញ្ចឹម...បើម្ចាស់វាពន្យុះឲ្យ
ខាំអ្នកណា វានឹងខាំអ្នកនោះបា្រកដណាស់..
អូហ៍ស្ដីពី "ខ្លឹមច័ន្ទ"... គាត់រវល់នឹងកិច្ចការផង គ្រួសារផង!
តែអ្វីដែលគាត់មានចំណាប់អារម្មណ៍ខ្លាំងនោះគឺ "ព្រឹត្តិការណ៍
នយោបាយក្នុងស្រុក"ណា៎!..ជាពិសេសអ្វីៗដែលទាក់ទងនឹង
មេដឹកនាំខ្មែរ.. បញ្ហាព្រំដែន ...ទាំងខាងលិច ទាំងខាងកើត
ម៉ង! ខ្ញុំនឹងផ្ដល់ដំណឹងឲ្យគាត់បានដឹងពីសំណួររបស់កុលាប
ផងដែរ!
សូមអរគុណកុលាបណាស់ និងសូមមានភាពរីករាយ
សម្រាប់ថ្ងៃឈប់សម្រាកនេះ!
ពីខ្ញុំ ប៊ី ប៊យ
.
ReplyDeleteជំរាបសួរបងប្រុស ..
មួយឃ្លា ដូចសត្វចិញ្ចឹម ដែលប្អូនបានសរសេរ ចង់សំដៅទៅរក
សត្វសុនខហ្នឹងហើយ .. គ្រាន់តែមិនហ៊ាននិយាយចំនោះអី !!..
ហេសហេ.. ក្រែងពួកគ្មានសតិទាំងនោះឮ គេអន់ចិត្ត!!.. តាមពិតមិនដែលឃើញពពួកកូនទាហ៊ានសម័យសព្វថ្ងៃនេះ មានជីវភាពរស់នៅធូរធារគ្រប់គ្រាន់ឡើយ..លើកលែងតែពួកមេធំៗថ្នាក់លើចេញ.. ឯចំណេះដឹងក៍ខ្វះខាត..បែបនេះគេងាយនឹងប្រើ..
អរគុណបងប៊យ សំរាប់បំណកស្រាយបន្ថែម ..
អរគុណផងដែរ ចំពោះដំណឹងស្តីពី ‹‹ ខ្លឹមច័ន្ទ ››
សូមសរសើរពីឧត្តមគតិគាត់ ក្រៅពីការងារ និងគ្រួសារ.. គាត់ឆ្លៀតតាមដានរាល់ព្រឹត្តិការណ៍ខ្មែរក្នុងស្រុក.. ពិតជាអ្នកស្នេហាជាតិមែន !!..
សូមអរគុណសំរាប់ពាក្យជូនពរ... និងសូមបានសប្បាយថ្ងៃឈប់សំរាកវិញដែរណាបងប្រុស ..
កុលាបខៀវ
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@