សូមស្វាគមន៍ និងសូមអរគុណ ដោយបានអញ្ជើញចូលលេងនៅទំព័រ Blog របស់ខ្ញុំ ។ សូមបានសុខសប្បាយ!
កំពប់តែអុង - Courtesy of Prey Norkor News   អ្នកតស៊ូខ្មែរច្រើនទៀត
COMMENTS – SUGGESTION? លោក-អ្នកអាចបញ្ចេញមតិឬយោបល់តាមរយៈ (Comment) ផ្ទាល់ក្រោមអត្ថបទនីមួយៗ ឬលោក-អ្នកអាចសរសេរផ្ទាល់មកខ្ញុំក៏បាន
Email B Boy  សូមអរគុណ!   ថាវរីមាសបង  THIS BLOG IS BEST VIEWED WITH GOOGLE CHROME!

Friday, June 17, 2011

“កាកី” អក្សរសីល្បិ៍ខ្មែរ (បន្ត 06/17/2011)


“កាកី” អក្សរសីល្បិ៍ខ្មែរ (បន្ត 06/17/2011)
ស្ដេចគ្រុឌបានចូលទៅដល់ក្នុងបន្ទប់របស់នាងកាកី(ក្នុងវាំងស្ដេច) ហើយចាប់យកនាងហោះយកទៅ... អត្ថន័យនេះ
ប្រាប់យើងថា៖ ១) នាងកាកីនៅតែម្នាក់ឯងក្នុងបន្ទប់ ២) ស្ដេចគ្រុឌចូលទៅបានដោយវេទមន្ត ៣) តើស្ដេច
ព្រហ្មទត្តនៅឯណា ក្នុងពេលហ្នឹង? ៤) នាងកាកី ឥតចេះហោះហើរ គ្មានអ្វីការពារ ទាំងវេទមន្ត ទាំងកាយពល
៥) នាងឥតបានព្រមព្រៀង ទាំងកាយទាំងចិត្ត វេចបង្វិចទៅតាមស្ដេចគ្រុឌឡើយ! ...តើយើងអាចនិយាយបានថា
នាងកាកី ត្រូវស្ដេចគ្រុឌបំពានបង្ខំដោយអំណាចវេទមន្តផ្សេងៗ ផ្ទុយនឹងឆន្ទៈរបស់នាងបានឬទេ?

នៅក្នុងវិមានរបស់ស្ដេចគ្រុឌ តាមផ្ទៃរឿងឲ្យដឹងថា ជាស្ថានដែលឥតមានមនុស្សទេព្ដា យក្សគន្ធ័នណាអាចទៅដល់
ដ្បឹតមានមហាសមុទ្រ យាមការពារដោយហ្វូងនាគកាចសាហាវផង... មានភ្នំធំៗ ជ្រោះជ្រៅ យាមរវាំងដោយពពួក
គ្រុឌជាបរិវាផង ...និងជាទីដែលស្ដេចគ្រុឌខ្លួនឯងព័ទ្ធខាំងបាំងដោយសីមាវេទមន្តអាថាន់ដ៏មហារឹងមាំផង.. ។ តើ
នាងកាកី អាចរត់ភៀសខ្លួនចេញពីស្ថានគ្រុឌបានឬទេ?

មនុស្ស សត្វ ស្ថិតក្នុងមន្ទីរឃុំឃាំង ស្រេកឃ្លានសិទ្ធិសេរីភាពដោយប្រការយ៉ាងណា នាងកាកីក៏ពុំប្លែកអ្វីពីឆន្ទៈនេះ
ដោយប្រការយ៉ាងនោះដែរ ។ តាំងពីត្រូវបានស្ដេចគ្រុឌចាប់យកមក នាងរស់នៅដោយឯកឯងក្នុងវិមានគ្រុឌ គ្មានទី
ក្រសាលសប្បាយដូចគេឯទៀតៗឡើយ ដ្បឹតអីជារឿយៗ ស្ដេចគ្រុឌទុកនាងចោលរាប់ថ្ងៃ រាប់អាទិត្យ ទៅសប្បាយ
កំសាន្តតាមអ្វីដែលខ្លួនប្រាថ្នា ។ កាកីហាក់ពុំខុសពីសារិកាជាប់ទ្រុង គេត្រូវការតែពេលណា គេឲ្យស្រែកច្រៀងដើម្បី
កំដរអារម្មណ៍អផ្សុកអផ្សាន្តរបស់គេប៉ុណ្ណោះ ... ។ តើគេមានគិតផងទេថា សារិកាក៏ប្រាថ្នាសេរីភាព ក៏ប្រាថ្នាភាព
ប្រាសចាកនូវមនោរម្មណ៍អាប់អួរដែរនោះ ឬទេ? តើនរណាបំពេញអារម្មណ៍អផ្សុកអផ្សាន្តរបស់នាង?

នៅឯវាំងស្ដេចព្រហ្មទត្តឯណេះវិញ គន្ធ័ន(សេនាស្ដេចព្រហ្មទត្ត) យល់ដឹងច្បាស់ណាស់ថា ខ្លួនពុំអាចហោះហើរ
ទៅកាន់ស្ថានគ្រុឌបានទេ ហេតុអ្វីក៏ធានាខ្លួនជាមួយនឹងស្ដេចព្រហ្មទត្តថា ខ្លួននឹងទៅតាមយកនាងកាកីមកឲ្យស្ដេច
វិញឲ្យបាន? ក្រៅពីស្ដេចគ្រុឌ ឥតមាននរណាអាចយកនាងមកវិញបានឡើយ! តើហេតុអ្វីបានជាគន្ធ័នសុំខ្លួនទៅ?

សូមរង់ចាំអាន នៅទំព័រក្រោយ..
សូមអរគុណ
ប៊ី ប៊យ 06/17/2011


“កាកី” អក្សរសីល្បិ៍ខ្មែរ (បន្ត 06/17/2011 ពេលល្ងាច)
គន្ធ័នជាពូជអម្បូរយក្ស ចេះសីលមន្តក្លែងកាយទៅជាអ្វីៗបានច្រើនយ៉ាង ។ យើងក៏បានដឹងហើយពីសម្រស់របស់
នាងកាកី ... តើយើងអាចស្ដីបានថា គន្ធ័នក៏បានលួចចាប់ចិត្តប្រតិព័ទ្ធមកលើរូបនាងជាយូរមកហើយដែរ បានឬទេ?

ឃើញឱកាសដែលកម្រមាន និងជាឱកាសសម្រាប់បំពេញបំណងរបស់ខ្លួនចូលមកដល់ដូច្នេះហើយ ទើបយក្ស
គន្ធ័នសុំខ្លួនទៅតាមយកនាងកាកីឯស្ថានគ្រុឌ ... ។ នេះជាល្បិចរបស់គន្ធ័ន បំភាន់ភាពល្ងង់ក្លៅនៃស្ដេចព្រហ្មទត្ត
ប៉ុណ្ណោះ ដ្បឹតថា គន្ធ័នគ្មានសមត្ថភាពអាចនាំនាងកាកីត្រឡប់មកវិញបានឡើយ..។ បេសកកម្មរបស់គន្ធ័នគឺបំពេញ
បំណងកាមគុណរបស់ខ្លួនតែម៉្យាងគត់!

នៅឯស្ថានគ្រុឌ ក្នុងបន្ទប់កាកីឯណោះវិញ ក្រោយពីបានក្លែងខ្លួនជាសត្វស្រមើល តោងតាមមកជាមួយស្ដេចគ្រុឌ
ហើយ ហើយពេលដែលស្ដេចគ្រុឌមិននៅនោះ គន្ធ័នបានរួមរ័ក្ខនិងនាងកាកីអស់រយៈប្រាំពីរថ្ងៃ .. រួចហើយក៏តោង
ស្ដេចគ្រុឌត្រឡប់មកនគរស្ដេចព្រហ្មទត្តវិញ ក្នុងភាពជាសត្វស្រមើលដដែល ឥតមាននាងកាកីមកជាមួយឡើយ!

ប្រីយ៍មិត្តអ្នកអានជាទីមេត្រី មកដល់ត្រង់ចំណុចនេះ យោលតាមផ្ទៃរឿង បើយើងសួរថាតើ នាងកាកីបានភប់
ប្រសព្វជាមួយនឹងមនុស្ស(ស្ដេច ព្រហ្មទត្ត) សត្វ(ស្ដេចគ្រុឌ) និងយក្ស(គន្ធ័ន)មែនឬទេនោះ... នោះចម្លើយ
គឺ សាច់រឿងបានឆ្លើយថា ពិតជាអញ្ចឹងមែនហើយ...ទោះដោយចេតនាក្ដី មិនមានចេតនាក្ដី ។ បន្តទៅទៀតនេះ
ខ្ញុំសូមលើកយកការប្រៀបធៀបខ្លះៗ ជូនដូចតទៅ...

មាមតិប្រឹក្សាខ្លះៗពីអតីតកាលបានលើកឡើងថា ព្រះនាងសេតាដែលជាមហសីរបស់ព្រះរាម ក្នុងរឿងរាមកេរ្តិ៍
ក៏ត្រូវបានស្ដេចយក្សចាប់យកទៅដែរ អស់រយៈច្រើនឆ្នាំ ហេតុអីក៏នាងមិនដូច នាងកាកីដែលត្រូវបានស្ដេចគ្រុឌ
ចាប់យកទៅនោះ? តើនេះមិនគឺជាឫកពាពិតប្រាកដ របស់នាងកាកី ចើងចើករកប្រុសឈ្មោលទេឬ មានជា
អាទិ៍..មួយហើយមួយទៀត ឲ្យតែមានឱកាស? សេចក្ដីស្រាយពន្យល់ៈ ស្ថានភាពនៃព្រះនាងសេតា និងនាងកាកី
មានភាពខុសប្លែកគ្នាត្រង់ ...ព្រះនាងសេតាមានព្រះឥន្ទជួយរងរក្សាដោយឥន្ទបារមី ដែលញ៉ាំងឲ្យក្រុងរាពណ៍ឆេះ
ក្ដៅពេលចូលជិតប៉ុនប៉ងលើរូបកាយព្រះនាង ... ពោលគឺយក្សចូលជិតព្រះនាងពុំបានឡើយ ។ ចំណែកឯនាង
កាកីវិញ ប្រៀបដូចជាផ្កាចោលគន្ធាក្នុងសួន ឥតមានអ្វីកាពារកំណត់ ត្រូវកន្លង់ ឃ្មុំក្រងក្រេប ហើយហើរទៅ រង់
ចាំតែថ្ងៃរុះរោយប៉ុណ្ណោះ!

តើកាកីមានកំហុសអ្វី?


[អញជាចមក្សត្រ ឥសូររាស្ត្ររដ្ឋ គ្រប់គ្រងនគរា
ខ្សត់អ្វីខ្មោចស្រី ចំណីរាគា ស្រីអញមានជា រាប់រយសែនសល់..] (សម្ដីរបស់ស្ដេច ព្រហ្មទត្ត តាមរយៈអ្នក
និពន្ធ -- ស្ដេច អង្គ ឌួង)


សូមរង់ចាំអានពីកិច្ចវិភាគបញ្ចប់ (តើនាង កាកី មានកំហុសអ្វី)
នៅទំព័រក្រោយ ... សូមអរគុណ
ប៊ី ប៊យ

No comments:

Post a Comment

បទកាព្យឬអត្ថបទកំពុងត្រូវបានចាប់អារម្មណ័ - Popular Posts