សូមស្វាគមន៍ និងសូមអរគុណ ដោយបានអញ្ជើញចូលលេងនៅទំព័រ Blog របស់ខ្ញុំ ។ សូមបានសុខសប្បាយ!
កំពប់តែអុង - Courtesy of Prey Norkor News   អ្នកតស៊ូខ្មែរច្រើនទៀត
COMMENTS – SUGGESTION? លោក-អ្នកអាចបញ្ចេញមតិឬយោបល់តាមរយៈ (Comment) ផ្ទាល់ក្រោមអត្ថបទនីមួយៗ ឬលោក-អ្នកអាចសរសេរផ្ទាល់មកខ្ញុំក៏បាន
Email B Boy  សូមអរគុណ!   ថាវរីមាសបង  THIS BLOG IS BEST VIEWED WITH GOOGLE CHROME!

Thursday, June 16, 2011

“កាកី” អក្សរសីល្បិ៍ខ្មែរ

“កាកី” អក្សរសីល្បិ៍ខ្មែរ

“កាកី” គឺជារឿងនិទានមួយ សរសេរឡើងដោយស្ដេច អង្គ ឌួង ស្ដីពីស្រី្តម្នាក់មានកំណើតពីផ្កា (កណិការ) ក្នុងសម័យមុនពុទ្ធកាលម៉្លេះ ។ ផ្ទៃរឿងនៃ កាកី នេះ គ្មានឫសគល់ចេញពីដំណើររបស់ព្រះពោធិសត្វ ដូចស្ដេច
អង្គ ឌួង បានសរសេរឡើយ ដែលថា “ស្ដេចគ្រុឌ ជាព្រះពោធិសត្វ”នោះ! សូមសង្កត់អត្ថន័យមួយឃ្លានេះជូន
ប្រីយ៍មិត្តឲ្យបានជ្រាបជាសច្ចជាតិ ។

ព្រះពោធិសត្វ គឺជាតួអង្គព្រះសម្មាសម្ពុទ្ធ ដែលបានយោនយកកំណើតជាច្រើនជាតិ អស់ច្រើនអសង្ខ័យ
និងរយសែនកប្ប មុនពេលបានត្រាស់ជា “ព្រះសម្មាសម្ពុទ្ធ”នេះ ។ អ្វីដែលតួអង្គព្រះពោធិសត្វប្លែកពីអស់សត្វ
ទាំងពួងនោះគឺ គ្រប់ៗជាតិ ទោះជាព្រះអង្គមានកំណើតជាមនុស្ស ឬសត្វ ឬទេព្ដា...ព្រះអង្គមានគោលបំណង
តែមួយគត់ គឺធ្វើបុណ្យ កុសល ឲ្យទាន ភាវនា ហើយប្រាថ្នាគ្រប់ៗជាតិដើម្បីបានត្រាស់ជា“ព្រះពុទ្ធ” មួយអង្គ ដើម្បី
ស្រោចស្រង់សង្គ្រោះសត្វលោក ទេព្ដា ឥន្ទព្រហ្ម ពីវាលវដ្ដសង្សារ កើត ចាស់ ឈឺ ស្លាប់មិនឈប់ឈរនេះ ឲ្យបាន
ដល់ត្រើយគឺ ព្រះនិព្វាន នោះឯង ។ ព្រះពោធិសត្វ ទោះជាទ្រង់កើតជាសត្វ មនុស្ស នាគ គ្រុឌក្ដី ...សីលប្រាំ សីល
ប្រាំបី ឬសីលដប់ ព្រះអង្គប្រកាន់ខ្ជាប់ជានិច្ច ឥតដែលភ្លេចមួយជាតិណាឡើយ ។ ដូច្នេះ រឿង(កាកី) ដែលបាន
ស្ដីថា ស្ដេចគ្រុឌ (ព្រះពោធិសត្វ) បានមកលបលួចយកនាងកាកី ដែលជាស្រ្តីមានស្វាមី គឺព្រះបាទព្រហ្មទត្ត ទៅ
ស្ថានរបស់ខ្លួននោះ គឺជាអំពើផ្ទុយពីលក្ខណៈនៃព្រះពោធិសត្វផង ជាភាពកម្លៅផ្នែកពុទ្ធសាសនា របស់ស្ដេច
អង្គ ឌួងផង និងជាការជាន់ឈ្លីលទ្ធិពុទ្ធសាសនាផង!

សូមបញ្ជាក់ជូនផងដែរៈ ព្រះពោធិសត្វ គ្រប់ៗជាតិ គឺព្រះអង្គកើតតែក្នុងគ្រួឪពុកមួយ ម្ដាយមួយ... មានភរិយាមួយ
ប៉ុណ្ណោះ ។ ព្រះនាងសិរិមហាមាយាទេវី ក្នុងជាតិចុងក្រោយរបស់ព្រះអង្គនោះ គឺជាម្ដាយរបស់ព្រះអង្គគ្រប់ជាតិ...
ទោះជាសត្វតិរិច្ឆាន ឬមនុស្សក្ដី ពីដើមរៀងមក ។ ព្រះបីតាក៏ដូចគ្នានិងព្រះនាងពិម្ពារពិសីទេវីដែរ... ព្រោះបានប្រាថ្នា
ដោយបុណ្យកុសល ជាព្រះមាតា បីតា និងជាមហេសីនៃព្រះពោធិសត្វគ្រប់ៗជាតិដូចៗគ្នា!

សូមតទៅ តំណក់ទឹកប៉ាកាក្រោយ..
សូមអរគុណ
ប៊ី ប៊យ -- 06/15/2011


“កាកី” អក្សរសីល្បិ៍ខ្មែរ (បន្ត 06/16/2011)

រឿងនិទាននេះ តាមរយៈអ្នកនិពន្ធ បាននាំអារម្មណ៍អ្នកអានឲ្យផ្ដោតទៅលើអ្វីដែល នាងកាកី បានប្រព្រឹត្តក្នុងនាមជា
ស្តី្រ ជាមហេសីស្ដេច ។ គេពុំបានបរិយាយផងទេ ពីអ្វីដែលស្ដេចបានប្រព្រឹត្តមកលើរូបនាង ។ ដូច្នេះ ដើម្បីឆ្លុះបញ្ចាំង
ពីសីលធ៌មសង្គមដែលអ្នកនិពន្ធបានបំភ្លឺតែមួយជំហៀងនេះ ខ្ញុំសូមធ្វើកិច្ចវិភាគ ពិចារណា ពីហេតុនិងផលខ្លះៗក្នុង
រឿង”កាកី”នេះដូចតទៅ៖

ផ្ទៃរឿងបានចង្អុលថា នាងកាកី គ្មានឪពុកម្ដាយទេ ព្រោះនាងមានកំណើតចេញពីផ្កាម៉្យាងឈ្មោះ “កាណិការ” ដែល
មានទ្រង់ទ្រាយ និងគន្ធាក្រអូបឈ្ងុយឈ្ងប់ប្រហាក់ប្រហែលគ្នានឹងផ្កាម្លិះនាបច្ចុប្បន្ននេះដែរ ។ រីឯសម្ផស្សសោះ
សោតក៏ស្រស់ត្រកាលវិស័យកិន្នរី ឬស្រីសួគ៌ ។ បើនាងកើតពីផ្កា កាណិការ នោះឈ្មោះរបស់នាងនៅពេលនោះគឺ
ពុំមែន(កាកី)ទេ ប្រាកដជា “កាណិការ” នេះដោយពិត! ហេតុអ្វីបានជាខ្ញុំលើកចំណុចនេះឡើង? ព្រោះ “កាកី”
មានន័យថា “ក្អែកញី” ... ។ ដូច្នេះឈ្មោះកាកីប្រាកដជាឈ្មោះត្រូវបានគេដាក់ងារឲ្យក្រោយពេលអ្វីៗដែលរលក
វាសនារបស់(កាណិការ) ត្រូវបានរុញច្រានដោយឥទ្ធិពលផ្សេងៗ...ដែលពុំមែនជាចេតនាចាប់ផ្ដើមផ្ទាល់ដោយ
រូបនាង នោះពុំខាន! ...តើស្ដេចឯណាដាក់ឈ្មោះមហេសីរបស់ខ្លួន កាកី ឬក្អែកញីនោះ?



[...សេ្ដចគ្រុឌ បានប្រែខ្លួនជាបុរសមានមុខមាត់ស្អាតបាត រាងសង្ហារតែងចូលមកលេងល្បែងបាសា្កជាមួយសេ្ដចព្រហ្មទត្ត…]

[..នាងកាកីជាអគ្គមហេសីចូលមករកស្ដេចព្រហ្មទត្តដល់ចុងរាជរោងបាស្កា គ្រាន់តែបានឃើញកំលោះគ្រុឌនោះភ្លាមកើតចិត្តបេតី..]

“...នាងក្លែងធ្វើធ្លាក់ កន្សែងសុភៈ អំពីអង្សា គ្រុឌឃើញសុដន ណែនក្ដន់ឱរ៉ា ព្រួយចិត្តចិន្ដា
ស្រៀវស្រើបប្រតិពទ័្ធ”


ការពិព៌ណនាអំពីឫកពារបស់នាងកាកីត្រង់ទីនេះ វាហួសពីចរិយារបស់មនុស្សពេក កុំថាឡើយដល់នាងដែលជា
មហេសីស្ដេច! ឧទាហរណ៍ថា នៅពេលស្ដេចព្រហ្មទត្តនិងស្ដេចគ្រុឌកំពុងលេងល្បែងបាស្កា(លេងអុក)ហ្នឹង
គ្មានអាមាត្យ ភិលៀងណាមួយនៅទីនោះទៅចុះ តើការសម្លឹងដៀងភ្នែក ជ្រុះស្បៃពីអង្សា(ស្មា) បង្ហែបង្ហាញសុដន់
ដោយកាយវិការរបស់នាងកាកីដាក់ស្ដេចគ្រុឌក្នុងពេលនោះ ...ស្ដេចព្រហ្មទត្តមិនឃើញ គ្មានការសង្ស័យណាមួយ
ទេឬអី? ...តែឧបមាថានាងសម្ដែងអកប្បកិរិយាអញ្ចឹង ដាក់ស្ដេចគ្រុឌទៅចុះក្នុងពេលហ្នឹង... យើងក៏ត្រូវធ្វើការកត់
សម្គាល់ផងដែរថា ស្ដេចគ្រុឌមានសីល្ប៍វិជ្ជាខ្ពស់ពន់ពេក ហោះឆ្លងកាត់មេឃពីស្ថាននាយ ក្លែងរូបកាយអត្មាជា
មាណពស្រស់សង្ហារ ឥតនរណាដឹង...។ បើដូច្នោះមែន... យើងក៏ត្រូវពិចារណាផងដែរថា កាកីក៏ត្រូវធ្លាក់ទៅក្នុង
អន្ទាក់មន្តរបស់ស្ដេចគ្រុឌនាពេលនោះ បដិសេធពុំបាន! តើនេះជាចេតនារបស់កាកីឬ?

សូមរង់ចាំអានបន្ត...
សូមអរគុណ
ប៊ី ប៊យ 06/16/2011


1 comment:

  1. សូមវិភាគពីដើមដល់ចប់បានទេ?

    ReplyDelete

បទកាព្យឬអត្ថបទកំពុងត្រូវបានចាប់អារម្មណ័ - Popular Posts