សូមស្វាគមន៍ និងសូមអរគុណ ដោយបានអញ្ជើញចូលលេងនៅទំព័រ Blog របស់ខ្ញុំ ។ សូមបានសុខសប្បាយ!
កំពប់តែអុង - Courtesy of Prey Norkor News   អ្នកតស៊ូខ្មែរច្រើនទៀត
COMMENTS – SUGGESTION? លោក-អ្នកអាចបញ្ចេញមតិឬយោបល់តាមរយៈ (Comment) ផ្ទាល់ក្រោមអត្ថបទនីមួយៗ ឬលោក-អ្នកអាចសរសេរផ្ទាល់មកខ្ញុំក៏បាន
Email B Boy  សូមអរគុណ!   ថាវរីមាសបង  THIS BLOG IS BEST VIEWED WITH GOOGLE CHROME!

Saturday, June 18, 2011

“កាកី” អក្សរសីល្បិ៍ខ្មែរ (តចប់ 06/18/2011)


“កាកី” អក្សរសីល្បិ៍ខ្មែរ (តចប់ 06/18/2011)
តើកាកីមានកំហុសអ្វី?



“អញជាចមក្សត្រ… ខ្សត់អ្វីខ្មោចស្រី ចំណីរាគា ស្រីអញមានជា រាប់រយសែនសល់…”
បញ្ជាក់ថាស្ដេចព្រហ្មទត្ត
បានចាត់ទុក នាងកាកី ថាជាចំណីរាគៈ(ចំណីចម្អែតតណ្ហា) ម្នាក់ បន្ថែមលើស្រីឯទៀតៗ រាប់រយសែន មិនអស់
ប៉ុណ្ណោះ ។ ស្ដេចព្រហ្មទត្ត មើលមកនាងកាកី ប្រព្រឹត្តចម្ពោះនាងកាកីត្រឹមស្មើតែនឹង(ចំណី)… ពុំមែនជាមនុស្ស
ពុំមែនជាមហេសីរបស់ខ្លួនឡើយ ..។ ឋានៈរាស្ត្រ ឬស្ដេចក្ដី… កាលបើអ្នកឯណាមានអាកប្បកិរិយា កង្វះសនេហភាព
កង្វះសេចក្ដីគោរព ប្រគល់ផ្ដល់តម្លៃឲ្យអាពាហ៍ពិពាហ៍របស់ខ្លួន ចើងអាងឋានៈ អញខ្ពស់អញថ្លៃ …ប្រមាថបញ្ចុះ
តម្លៃមនុស្សភាព ឬភក្ដីភាព របៀបស្ដេចព្រហ្មទត្តបានប្រព្រឹត្តមកលើនាងកាកីនោះ នោះអ្នកដែលឱនយសអស់តម្លៃ
ជាមនុស្ស ជាស្វាមី គឺរូបអ្នកខ្លួនឯងទេ…ដ្បឹតថាការប្រមាថគឺជាទោសផ្នែកសីលធ៌មផង ផ្នែកលទ្ធិពុទ្ធសាសនាផង!

ស្ដេចព្រហ្មទត្ត បានសាងនូវអំពើអសោច ត្រេកត្រអាលនឹងស្រីស្នំក្រមការរយសែននាក់ គ្មានលក្ខណៈជាស្វាមី
ចម្ពោះជីវិតនាងកាកីឡើយ ។ ស្ដេចរូបនេះ បានលាបព៌ណឲ្យដំណើរជីវិតនាងកាកីដោយទឹកល័ក្ដព៌ណខ្មៅ ហើយ
ស្រែកទាំងកម្លៅថា ហេតុអ្វីបានមិនចេញជាព៌ណមាស? តើនាងកាកី មានកំហុសអ្វី?

[...សេ្ដចគ្រុឌ បានប្រែខ្លួនជាបុរសមានមុខមាត់ស្អាតបាត រាង្គសង្ហារ …] ឃ្លានេះបរិយាយច្បាស់ណាស់ថា បើស្ដេច
គ្រុឌមកជារូបរាង្គគ្រុឌ ដែលជាសត្វបក្សា មានដងខ្លួនប្រហាក់ប្រហែលនឹងមនុស្ស តែមុខមាត់មានចំពុះដូចមុខសត្វ
អក មានម្រាមដៃ ម្រាមជើងដូចសត្វស្ទាំងនោះ តើនាងកាកីផុងលង់ស្នេហ៍មួយរំពេចនោះឬ? បើមានអ្នកលង់ស្នេហ៍
នឹងស្ដេចគ្រុឌនេះ គឺប្រហែលជា”គ្រុឌញី”នៅទីណាផ្សេងប៉ុណ្ណោះ … ប្រាកដជាពុំមែននាងកាកីសោះឡើយ ។ ប៉ុន្តែ
ជាក់ស្ដែង នាងកាកីបានបង់កាយបង់ចិត្តនឹងស្ដេចគ្រុឌទៅហើយដែរ មែនទេ? មែន! តែសូមធ្វើការពិនិត្យអត្ថន័យ
[...សេ្ដចគ្រុឌ បានប្រែខ្លួនជាបុរសមានមុខមាត់ស្អាតបាត រាង្គសង្ហារ …] នេះជាមួយខ្ញុំ ថាព្រោះហេតុអ្វី ដូចតទៅ៖
ក) សេ្ដចគ្រុឌបានប្រែខ្លួនជាបុរស… ខ) មានមុខមាត់ស្អាតបាត រាង្គសង្ហារ

ក) សេ្ដចគ្រុឌបានប្រែខ្លួនជាបុរស… ពាក្យថា”ប្រែឬក្លែង” ផ្ដល់សេចក្ដីថា អ្វីដែលភ្នែកមើលឃើញក្នុងរូបភាពនេះ
គឺជាការឆ្ពិនបំភាន់ មិនឲ្យស្គាល់នូវសភាវៈពិត រូបធាតុពិតនៃអ្វី ឬអ្នកណាមួយ ។ ក្នុងទីនេះ ស្ដេចគ្រុឌមានរូបរាង្គ
ជាមាណព(មនុស្សប្រុស) ដែលជារូបក្លែងបន្លំ បឹទបាំងនូវរូបធាតុពិតរបស់ខ្លួនដែលជាសត្វឈ្មោល នៅចម្ពោះភ្នែក
មនុស្ស បង្ហាញដល់ស្ដេចព្រហ្មទត្តផង ភ្នែកនៃមនុស្សនៅក្នុងទីលេងល្បែងបាស្កានោះផង និងកែវភ្នែករបស់នាង
កាកីផង ។ ក្នុងខណៈនេះ មនោរម្មណ៍ស្ថិតនៅជាឧបេក្ខាគ្មានឥទ្ធីពលអ្វីទាញឲ្យផ្អៀង ស្អប់ឬស្រឡាញ់នៅឡើយ។

ខ) មានមុខមាត់ស្អាតបាត រាង្គសង្ហារ… ក្រៅពីជម្រុញភ្នែកមនុស្សឲ្យឃើញនិម្មតរូបរបស់ខ្លួនដោយវេទមន្តនោះ
ហើយ ស្ដេចគ្រុឌ ប្រើមន្តគាថាជម្រុញចិត្ត បំពុះស្នហាឲ្យសណ្ឋិតក្នុងមនោរម្មណ៍របស់នាងកាកី ឲ្យពុះកញ្ជ្រោល
សម្លឹងមកខ្លួន ពិតពេញស្រស់សង្ហារក្រៃណា ទប់ចិន្ដាពុំបាន រហូតដល់”ក្លែងធ្វើជាធ្លាក់ ស្បៃចេញពីអង្សា”
បង្ហាញសុដន់… ភាន់វង្វេងចិត្ត ដ្បិតឥទ្ធិពលនៃវេទមន្តរបស់ស្ដេចគ្រុឌច្រានសណ្ដំ …គ្មានអ្វីឲ្យសង្ស័យឡើយ?

សត្វគ្រុឌគឺជាសត្វក្លែង មកឆាបឆក់យកនាងកាកីទៅដោយប្រើកម្លាំងកាយផង កម្លាំងវេទមន្តផង! តើកាកីខុសអ្វី?

គន្ធ័ន ពូជយក្សរូបនេះក៏ដូចគ្នា! សេពមន្តវិជ្ជាប្រែកាយធ្វើជាមនុស្ស រស់ជាមួយស្ដេចព្រហ្មទត្ត ឃើញកាកីជារៀង
រាល់ថ្ងៃ ប៉ងប៉ុនស្រមៃ រង់ចាំតែឱកាស ហាក់ពុំខុសពីសត្វពានរ រង់ចាំម្ចាស់ចម្ការដើរចេញ នឹងចូលមកលួចស៊ីផល
ដំណាំ ប៉ុណ្ណោះ!

បើគន្ធ័នមានរូបកាយជាយក្ស តើនាងកាកីព្រមបេតីឬទេ? បើទោះណាជានាងកំពុងស្ថិតក្រោមភាពអស់សង្ឃឹម
ជាប់មន្ទីរឃុំឃាំងរបស់ស្ដេចគ្រុឌដូច្នោះក្ដី បានឮពាក្យបោកប្រាស់ ផ្អែមល្ហែម ថាមកជួយសង្គ្រោះនាងចេញពី
ស្ថានគ្រុឌក្ដី…សូមប្រីយ៍មិត្តធ្វើការពិចារណាមើលចុះ យក្សជាយក្ស មនុស្សជាមនុស្ស… តើសេចក្ដីស្នេហាឯណា
អាចកើតឡើងបានរវាងយក្សគន្ធ័ននិងនាងកាកីជាមនុស្សនោះ? ប្រីយ៍មិត្តមិនដឹង… តែបើខ្ញុំវិញធ្លាប់ឃើញយក្ស
នៅវត្ត ជាពិសេសយក្សវត្តកំផែង យក្សវត្តប្រភិត ខេត្តបាត់ដំបង… មុខ..អេហ៍… រកចាប់ចិត្តស្នេហាអ្វីមិនឃើញ
ទេ!!!

នាងកាកី ស្ថិតក្រោមឥទ្ធិពលវេទមន្តរបស់ស្ដេចគ្រុឌផង របស់គន្ធ័នផង ។ ទាំងកាយទាំងចិត្តរបស់នាង ត្រូវបាន
បង្វែរពង្វក់ដោយបំណងកាមគុណរបស់សត្វគ្រុឌនិងយក្ស ដែលនាងគ្មានសមត្ថភាពការពារ ទោះជាចេតនាក្ដី
គ្មានចេតនាក្ដី!

ស្ដេចព្រហ្មទត្ត ស្ដេចគ្រុឌ និងគន្ធ័ន សុទ្ធសឹងតែមានគតិជាតិរច្ឆាន ប្រព្រឹត្តនូវអំពើតិរច្ឆាន និងចាត់ទុកនាងកាកី
ជាចំណីកាមគុណសម្រាប់តណ្ហារបស់ខ្លួន រៀងៗខ្លួន! កាកីជាសត្ត្រីរងគ្រោះពីមួយទៅមួយដោយអសីលធ៌មនិង
អមនុស្សធ៌មពីស្ដេចព្រហ្មទត្តផង ដោយពឹសពុលវេទមន្តស្មោកគ្រោកនៃពួកអមនុស្ស សត្វគ្រុឌនិងយក្សនោះផង!
តើនាងកាកី មានកំហុសអ្វី?

ទីបញ្ចប់នៃកិច្ចវិភាគរបស់ខ្ញុំនេះ ខ្ញុំសូមអរគុណប្រីយ៍មិត្តទាំងឡាយដែលបានអានអត្ថបទរបស់ខ្ញុំ ជាពិសេសប្អូន
ស្រីកុលាប និងប្រីយមិត្តឯទៀត ទោះជាបានផ្ដល់នូវមតិឬយោបល់ឆ្លើយតបក្ដី ពុំបានក្ដី..។ យោងតាមសំណេរ
របស់ខ្ញុំមកដល់ទីនេះ ប្រីយ៍មិត្តអាចធ្វើការវិនិច្ឆ៍យបានហើយថា “តើនាងកាកីមានកំហុសអ្វី” នោះ!

សូមអរគុណ!
ប៊ី ប៊យ
06/18/2011

No comments:

Post a Comment

បទកាព្យឬអត្ថបទកំពុងត្រូវបានចាប់អារម្មណ័ - Popular Posts