កំពប់តែអុង - Courtesy of Prey Norkor News អ្នកតស៊ូខ្មែរច្រើនទៀត
COMMENTS – SUGGESTION? លោក-អ្នកអាចបញ្ចេញមតិឬយោបល់តាមរយៈ (Comment) ផ្ទាល់ក្រោមអត្ថបទនីមួយៗ ឬលោក-អ្នកអាចសរសេរផ្ទាល់មកខ្ញុំក៏បាន
Email B Boy សូមអរគុណ!   ថាវរីមាសបង
Saturday, April 30, 2011
ការប្រឹក្សាភាសាជាតិ -- អាហារូបករណ៍=Scholarship
ការប្រឹក្សាពីភាសាជាតិ -- កម្មវត្ថុពិភាក្សា
1) អនុសាសន៍ = Recommendation
2) អាហារូបករណ៍ = Scholarship
ក្នុងកម្លុងប្រហែលជាម្ភៃឆ្នាំកន្លងមកនេះ កូនខ្មែរបានឮពាក្យខ្លះៗប្រើប្រាស់ក្នុងភាសាជាតិ ទាំងសរសេរ
ទាំងនិយាយស្ដី ដែលធ្វើឲ្យអក្ខរកោវិទ បណ្ឌិត បញ្ញវ័ន្ត មួយចំនួនច្រើនមានការភ្ញាក់ផ្អើល ។ ក្នុងចំណោម
នោះក៏មានព្រះតេជគុណបណ្ឌិត ហុក សាវណ្ណ ផងដែរ ដែលបានភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីការកាត់កន្ទុយ
លាបកំបោរផ្នែកអក្សរសាស្ត្រជាតិនៃសង្គមខ្មែរបច្ចុប្បន្ន ។
“សម្ដេចតេជោ .... មានអនុសាសន៍.... ដូច្នេះ ... លោកជំទាវគតិបណ្ឌិត... មានអនុសាន៍ដូច្នោះ
...ជាដើម ត្រូវបានឮពាសពេញការផ្សាយតាមវិទ្យុទូរទស្សន៍ កាសែត និងវិទ្យុជាតិ ជាប្រក្រតី ។
សូមសង្កេតផងដែរថាតើពាក្យ “អនុសាសន៍”នេះ ត្រូវបានប្រើក្នុងការពិព៌ណនាពីជនណា
ផ្សេងទៀតទេ? សូមជញ្ជឹងគិត!
ខ្ញុំសូមបំបែកពាក្យ “អនុសាសន៍” ដូចតទៅ៖
ពាក្យនេះក្លាយមកពីភាសាបាលី ដែលផ្គុំចូលគ្នាដោយបទសន្ធិ -- អនុ + សាសនៈ
អនុ - ជាបុព្វបទ មានន័យថាៈ រង បន្ទាប់ ក្រោម ជាញឹកញាប់ រឿយៗ តាម ស្របតាម...
សាសនៈ - (អានថា សាសសាណាក់ ឬ សាសនៈ) មានន័យថាៈ ឱវាទសាសនា ការទូន្មានតាមបែប
សាសនា ឧទាហរណ៍ៈ ពុទ្ធសាសនា មានន័យថា ឱវាទរបស់ព្រះពុទ្ធ ការដាស់តឿនក្នុងលទ្ធិ
របស់ព្រះពុទ្ធ ។ ដូច្នេះ បើយើងផ្គុំនូវពាក្យទាំងពីរចូលគ្នាមកវិញ តើវាមានន័យដូចម្ដេចដែរ?..
តើវាអាចមានន័យថា ... ការបង្គាប់បញ្ជា ឱវាទសាសនារបស់ លោកនិងលោកជំទាវ នៃរដ្ឋាភិបាល
សព្វថ្ងៃបានឬទេ? តើជននិងជនិកា(ប្ដីប្រពន្ធ)ទាំងពីនាក់នេះជាព្រះឬ? ឬក៏ជាម្ចាស់សាសនាអ្វី
មួយ? តើការប្រើប្រាស់ពាក្យ “អនុសាសន៍” នេះ មានអត្ថន័យត្រឹមត្រូវតាមក្រិត្យក្រមភាសាខ្មែរឬទេ?
យើងកំពុងតែធ្វើដុំថ្ម ឲ្យក្លាយទៅជា”អ្នកតា”ហើយ!
“Recommendation” នេះជាពាក្យដែលអស់លោកអ្នកផ្សាយព៌តមាននានាកំពុងប្រើប្រាស់ យោង
សំដៅ បកអត្ថន័យចេញមក ដោយឲ្យន័យស្មើនឹងពាក្យ “អនុសាសន៍” នោះ ។ ខ្ញុំសូមទាញយក
អត្ថន័យពីភាសាអង់គ្លេស៍ ចេញពីវចនានុក្រមអង់គ្លេស៍មកផ្គូផ្ទឹមគ្នាម្ដងមើល៍ តើវាមានន័យស្រប
គ្នាឬដូចម្ដេច...?
Recommendation
n.
1. The act of recommending.
2. Something that recommends, especially a favorable statement concerning character or qualifications.
3. Something, such as a course of action, that is recommended.
នាមៈ
១) ដំណើរផ្ដល់យោបល់
២) អ្វីដែលផ្ដល់មតិឬយោបល់ ជាពិសេសពាក្យពេចន៍គាប់ចិត្ត ទាក់ទងនឹង លក្ខណៈឬគុណសម្បត្តិ
៣) អ្វីៗ ដូចជាគោលដៅសកម្មភាព ដែលត្រូវបានផ្ដល់យោបល់ ។
សូមសង្កេតឡើងវិញៈ តើពាក្យ “Recommendation”នេះមានន័យ “សាសនៈ ឬសាសនា” នៅ
ក្នុងនេះដែរឬទេ?
អាហារូបករណ៍ និង SCHOLARSHIP
អាហារូបករណ៍
schol•ar•ship
n.
1. The methods, discipline, and attainments of a scholar or scholars.
2. Knowledge resulting from study and research in a particular field. See Synonyms at knowledge.
3. A grant of financial aid awarded to a student, as for the purpose of attending a college.
អាហារូបករណ៍ៈ គ្រឿងឧបករណ៍ដើម្បីអាហារ, ប្រាក់ដែលបើកឲ្យនិស្សិត ដើម្បីទំនុកបម្រុង
ទប់ទល់នឹងថ្លៃអាហារក្នុងពេលកំពុងរៀនសូត្រ ។
ពាក្យថា “អាហារូបករណ៍” គឺជាពាក្យក្លាយមកពីភាសាបាលី ផ្គុំគ្នាដោយស័ព្ទ (អាហារ និង ឧបករណ៍) ។
យើងឃើញមានការប្រើប្រាស់ទាំងក្នុងការសរសេរនិងការនិយាយជាប្រក្រតីដោយកូនខ្មែរមួយចំនួន ទាំង
ក្នុងសម័យនេះ(សម័យ ហ៊ុន សែន) និង សម័យរាជានិយម ផ្សព្វផ្សាយដោយអ្នកព៌តមានកាសែតនិង
វិទ្យុជាតិ ទូរទស្សន៍ជាតិទាំងងងឹតងងល់! ឧទាហរណ៍ៈ “ខ្ញុំសប្បាយចិត្តម្ល៉េះទេ ដោយបានអាហារូបករណ៍
ទៅបន្តការរៀនសូត្រនៅមហាវិទ្យាល័យ ឬក៏បានចេញទៅរៀននៅមហាវិទ្យាល័យបរទេស... ណាមួយ!”
តើពាក្យនេះមានន័យត្រង់ៗថា៖ ខ្ញុំសប្បាយចិត្តម៉្លេះទេ ដោយបានគេជួយថ្លៃបាយ បន្តទៅរៀននៅ
មហាវិទ្យាល័យ ឬចេញទៅរៀននៅបរទេសបន្ត... មែនឬទេ? តើការបន្តការរៀនសូត្រនោះ យើងត្រូវបង់ត្រឹមតែថ្លៃបាយប៉ុណ្ណោះទេឬ? តើអត្ថន័យនៃពាក្យ “Scholarship” ជាភាសាអង់គ្លស៍
ខាងលើ មានន័យថា “បង់ថ្លៃបាយ” ឬទេ?
3. A grant of financial aid awarded to a student, as for the purpose of attending a college.
មានន័យថា៖ (អំណោយថវិកា ផ្ដល់ជារង្វាន់ដល់សិស្ស ក្នុងបំណងដើម្បីឲ្យសិស្សចូលសិក្សា
នៅវិទ្យាល័យ) តើពាក្យថាបាន“Scholarship” នេះ មានន័យស្មើនឹង “អាហារូបករណ៍” ដែរឬទេ? ចម្លើយគឺពាក្យទាំងពីរនេះឥតមានន័យស្មើគ្នា...ហើយអ្នកប្រើប្រាស់ពាក្យនេះ គឺប្រើប្រាស់ទាំងងងឹតងងល់!
សូមអស់លោកដែលមានទួនាទីជាអ្នក “រក្សាតម្កើង” អក្សរសាស្ត្រជាតិ ភាសាជាតិ ទាំងអស់....ជាពិសេស
គឺអស់លោកដែលនៅពីក្រោយ (សំណេរ កាសែត ...នៅពីក្រោយ Microphone...”វិទ្យុ” ...នៅពីក្រោយ
“Video Camera” ទាំងឡាយ ស្រាវជ្រាវ ពិចារណាភាសាជាតិនិងអក្សរសាស្ត្រជាតិឲ្យបានច្បាស់លាស់
ត្រឹមត្រូវសិន មុននឹងជះឥទ្ធិពលខុសគន្លង ខុសអត្ថន័យ បាចសាចទៅក្នុងសង្គមជាតិ! ដ្បិតអីកូនខ្មែរឲ្យតម្លៃ
លោកថាជាសម្លេងជាតិ តំណាងភាសាជាតិ ដោយបានសិក្សាភាសាជាតិត្រឹមត្រូវតាមក្របខ័ណ្ឌ ទុកជាគម្រូបាន!
ពាក្យដែលមានអត្ថន័យស្មើគ្នានឹង Scholarship នេះគឺៈ
សិក្ខថវិកាយូបត្ថម្ភ [សិក្ខៈ + ថវិកា ឬថវិកាយៈ + ឧបត្ថម្ភ] ការទំនុកបម្រុងលុយកាក់ប្រាក់កាសដល់សិស្ស
សម្រាប់ការសិក្សា ដូចជា សម្រាប់បង់ថ្លៃសាលា ថ្លៃផ្ទះសម្នាក់នៅក្នុងពេលរៀនសូត្រ ថ្លៃសៀវភៅ និង
ថ្លៃម្ហូបអាហារ ។ល។ ជាដើម ។
សម្ដីអសុរស ឬអសីលធ៌ម មិនជាទីគាប់ត្រចៀកដល់សវនជនទាំងពួងយ៉ាងណា..... អក្សរសាស្ត្រ
ជាតិដែលប្រើឆកល្វែង ខុសបទបាឋ នឹងគ្មានរសជាតិ អស់តម្លៃទៅ ក៏យ៉ាងដូច្នោះដែរ!
ប៊ី ប៊យ
04/30/2011
Subscribe to:
Post Comments (Atom)
បទកាព្យឬអត្ថបទកំពុងត្រូវបានចាប់អារម្មណ័ - Popular Posts
-
-
សុភាសិតខ្មែរ Compiled By: S. H. ១) មនុស្សចិត្តជា តែងមានគ្នាជាទីពឹង ២) និយាយយប់ផ្ទប់ព្រៃ និយាយថ្ងៃ ថ្ងៃមានត្រចៀក ៣) ចិត្តមិនអប់រំ នាំឲ្យវិនា...
-
-
-
ស្រឡាញ់ស្រីខ្លីវិជ្ជា ឧទ្ទេសកម្មៈ ច្បាប់ទម្លាប់ទាំងឡាយរមែងបង្កើតឡើងក្រោយពេល “អំពើ” ដែលបានកើតរួចមកហើយ ពោលគឺ លទ្ធផលនៃ អំពើនោះ ដែលជាបុព្វហ...
.
ReplyDeleteជំរាបសួរ បងប្រុស !
សុខសប្បាយជាទេ ?
គួរឱយភ្ញាក់ផ្អើលសំរាប់សំរាយពន្យល់ដោយលំអិត
ជុំវិញភាសាជាតិ ពីបងប្រុសកវី ថ្វីដៃឯកខាងនិពន្ធ
កាព្យ..
និយាយអញ្ចឹង ប្អូនស្រី ដូចជាមិនទាន់យល់ច្បាស់
អំពីឃ្លា៖ ‹‹កាត់កន្ទុយលាបកំបោរ›› មានឱកាស
សូមបងជួយពន្យល់បន្ថែមបន្តិចផងបានទេ ?
សូមទោសដែលរំខាន។
អរគុណដល់អត្ថបទខាងលើមួយនេះ !
កុលាបខៀវ ប្អូនស្រី ដោយក្តីរាប់អាន..
@@@@@@@@@@@@@@@@@@@@@@@@@@@@
កាត់កន្ទុយលាបកំបោរ
ReplyDeleteសួស្ដីប្អូនស្រី កុលាប
ខ្ញុំសុខជាទេ... សូមអរគុណធំៗ
ហេហេ... កាត់កន្ទុយលាបកំបោរហ្នឹងមានន័យច្រើនជាងមួយសណ្ឋាន តែខ្ញុំសូម
បកស្រាយក្នុងទីនេះឆ្លើយតបចម្ពោះចម្ងល់កុលាបវិញត្រឹមមួយអត្ថន័យដូចតទៅ៖
“កាត់កន្ទុយលាបកំបោរ” ក្នុងទីនេះសំដៅទៅលើគតិនៃជនមួយចំនួន ដែលសម្លឹងមើលទៅ...ឧទាហរណ៍... សត្វគោដែលគ្នាមានកន្ទុយ
ពីពូជធារធម្មជាតិរបស់វា..ហើយឃើញត្រង់កន្ទុយហ្នឹងវាទាស់ភ្នែក មិនពេញចិត្តសោះ ..ហើយក៏កាត់វាចេញតម្រូវតាមចិត្តរបស់ខ្លួន ។
របួសស្នាមកើតមាន -- ក្រោយពីការអារកាត់ យកកន្ទុយបោះចោល
រួចមក ជនប្រភេទនេះ មិនត្រឹមតែគ្មានអ្វីយកមកជំនួសកន្ទុយនោះ
ប៉ុណ្ណោះទេ គឺថែមទាំងគ្មានអ្វីយកមកព្យាបាលរបួសនោះ ក្រៅពីយក
កំបោរមកលាបប៉ុណ្ណោះ! នេះជាឱសថព្យាបាលរបស់គេ!
ន័យមួយវិញទៀតគឺ “ក្លែងបន្លំ ឬបំប្លែង” -- បើទុកកន្ទុយ ខ្លាចគេស្គាល់ ។ ការកែប្រែអ្វីមួយពីធាតុដើមដើម្បីឲ្យមានរូបរាង្គ
អ្វីមួយផ្សេងទៀត ។
សង្ឃឹមថាប្អូនស្រីកុលាបបានយល់អត្ថន័យនៃពាក្យ “កាត់កន្ទុយលាបកំបោរ” នេះពុំខាន។
សូមអរគុណ
ប៊ី ប៊យ
.
ReplyDeleteអរគុណ បងប្រុសច្រើនមហិមា.. ហេសហេ..
សូមនិយាយអញ្ចឹងចុះ ! សមជាបងប្រុសដ៍ពូកែពិតមែន !
ឥឡូវប្អូនស្រីយល់បានច្បាស់ហើយ..
ឆ្លៀតសួរបងមួយសិន ដូចជាមិនដែលឮថា៖
មានសិល្បករមកច្រៀងកំសាន្តនៅខាងបងសោះ ?
ឯខាងប្អូនវិញ សំបូរគួរសម ភាគច្រើនអ្នកនៅបារាំង
ឧស្សាហ៍អញ្ចើញពួកគេមក អ្នកស្វីសអញ្ចើញមកបន្ត..
បែបនេះក៍ល្អដែរ.. បានកំសាន្តសប្បាយខ្លះៗផង!!.
ក្នុងថ្ងៃអាទិត្យ បន្តិចទៀតនេះ ប្អូននឹងចៀននំ ឆាខ្វៃ
ទោះយប់ក៍មិនថ្វីដែរ.. ដាក់កកសំរាប់ញ៉ាំពេលក្រោយ
ក៍បាន.. លាសិនហើយ ..សុខសប្បាយណាបងប្រុស ..
កុលាបខៀវ ប្អូនស្រី
@@@@@@@@@@@@@@@@@@
សួស្ដី កុលាបអ៊ើយ..
ReplyDeleteពីរឿងតន្ត្រីពីស្រុកខ្មែរនោះ យូរៗមានឮគេមកលេងម្ដងៗដែរ
ណា តែដូចជាមិនញឹកញាប់ទេ នៅកន្លែងខ្ញុំរស់នៅនេះ ។
សូមកុលាបរីករាយថ្ងៃច័ន្ទ!
ប៊ី ប៊យ